(ភ្នំពេញ)៖ ក្នុងការវិភាគនយោបាយ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្យាករណ៍ទុកមុនថា បើសង្គ្រាមនៅអ៊ុយក្រែន ឈានដល់ការផ្ទុះអាវុធនុយក្លេអ៊ែនោះ ប្រទេសភាគច្រើននៅអឺរ៉ុប អាមេរិក និងរុស្ស៉ី ដែលជាភាគីតតាំងគ្នា នឹងខ្ទេចខ្ទាំដោយបំផ្លុះគ្រាប់បរមាណូ ហើយមិនអាចបញ្ចប់សង្គ្រាមបានទេ។

ការព្យាករណ៍របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីមតិយោបល់របស់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ដែលបានចូល Comment ចំពោះខ្លឹមសាររបស់សម្តេច ក្នុងការផ្តល់កិច្ចសម្ភាសដល់បណ្តាញព័ត៌មាន Fresh News អំពីស្ថានភាពរុស្ស៉ី-អ៊ុយក្រែន ដែលក្នុងបទសម្ភាសនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន មិនអាចបញ្ចប់ដោយសង្គ្រាមបានទេ មានតែការចរចាប៉ុណ្ណោះ។

នៅក្នុង Comment អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងថា សង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ដោយគ្រាប់បរមាណូ២គ្រាប់របស់អាមេរិក នៅក្នុងទីក្រុង២ របស់ ប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «បានខ្ញុំឆ្លើយតបថា បើធ្វើដូចនេះមែន គឺប្រទេសអឺរ៉ុបភាគច្រើន រាប់ទាំងអាមេរិក និងរុស្ស៉ី សុទ្ធតែត្រូវគ្រាប់បរមាណូទាំងអស់ ហើយក៏មិនអាចចប់សង្គ្រាមបានដែរ សង្គ្រាមនឹងលូត មិនអាចដូចសង្គ្រាមលោកលើកទី២ ជប៉ុនដាក់អាវុធបានទេ លើកនេះបើនុយក្លែអ៊ែផ្ទុះហើយ គឺថាទៅហើយ ហើយអត់មាននរណាព្រមចាញ់ទេ»

បើតាមសម្តេចតេជោ ហ៊ុន សែន, សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមនេះ មានន័យទូលំទូលាយ ដោយសារកាលមុនមានតែអាមេរិកទេដែលមាននុយក្លេអ៊ែ ប៉ុន្តែឥឡូវមានច្រើនប្រទេសណាស់។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ខណៈដែលអឺរ៉ុប បានដាក់ទណ្ឌកម្ម និងបញ្ជូនសព្វាវុធឱ្យប្រទេសអ៊ុយក្រែន ដើម្បីតតាំងនឹងកងទ័ពរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានបញ្ជាឱ្យកងកម្លាំងរារាំងនុយក្លេអ៊ែររបស់រុស្ស៉ី ដាក់ការប្រុងប្រយ័ត្នខ្ពស់បំផុត។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍យ៉ាងដូច្នេះថា «បណ្តាប្រទេសលោកខាងលិច មិនត្រឹមតែចាត់វិធានការប្រឆាំងនឹងប្រទេសរបស់យើងក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីកំពូលនៃអង្គការណាតូបានចេញសេចក្តីថ្លែងការណ៍យ៉ាងចាស់ដៃ ប្រឆាំងប្រទេសរបស់យើងទៀតផង»។

យ៉ាងណាក៏ដោយ ណាតូក៏បានព្រមានដែរថា ខ្លួនក៏មានអាវុធនុយក្លេអ៊ែផងដែរ ប៉ុន្តែអគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) បាននិយាយថាក្នុងស្ថានភាពបច្ចុប្បន្ន មិនចាំបាច់ត្រូវ បង្កើនការប្រុងជើងខ្ពស់នៃកងកម្លាំងនុយក្លេអ៊ែររបស់ NATO ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រុស្ស៊ី នោះទេ។

ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ប្រជាជនអាមេរិកមិនគួរបារម្ភពីសង្រ្គាមនុយក្លេអ៊ែរឡើយ បន្ទាប់ពីរុស្ស៊ី ដាក់ឱ្យកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ខណៈបណ្ដាប្រទេសលោកខាងលិចបង្កើនការបញ្ជូនអាវុធ និងជំនួយ ឱ្យអ៊ុយក្រែន៕