(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំម្ចាស់ជំនួយចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់កងឯកភាពទី២ នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) ក្រោមការគាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (Clearing For Results,Phase4) នៅខេត្តបាត់ដំបង រួមមាន លោកស្រី Allissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា, លោក Ryan Tierney លេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Yeakyung Ji នាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA ព្រមទាំងមានការទទួលស្វាគមន៍ពីលោក អ៊ុ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ តំណាងរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។
ចម្ការមីនដែលចុះពិនិត្យនេះ មានលេខ BS/CMAA/09414 ផ្ទៃដីសរុប 41500 ម៉ែត្រក្រឡា ស្ថិតក្នុងភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ដោយមានអ្នកទទួលផល ២គ្រួសារ សរុប ៧នាក់។
បន្ទាប់ពីស្តាប់បទបង្ហាញសង្ខេបអំពីកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ ក៏ដូចជា កិច្ចប្រតិបត្តិការផ្ទាល់របស់កងឯកភាពទី២ លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់កង កម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ រយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងបង្កើតនូវសមិទ្ធផលសម្រាប់វិស័យមីននាពេលកន្លងមក។
លោកបន្តទៀតថា អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង និងបំពេញបេសកកម្មរួមគ្នា ជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដើម្បីឲ្យកម្ពុជារួចផុតពីគ្រាប់មីន ព្រមទាំងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តដែលបានកំពុងជួយ និងមិនទាន់បានជួយកម្ពុជា បន្តគាំទ្រ និងចូលរួម ដើម្បីបញ្ឈប់វត្តមានគ្រាប់មីន និងដើម្បីភាគជោគជ័យរបស់កម្ពុជា។
ដើម្បីជោគជ័យឆ្នាំ២០២៥ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្អន់ដៃឡើយលើការងារបោសសម្អាតមីន ការចលនាកៀរគរធនធាន និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធត្រូវតែដំណើរការដោយ រលូន និងដើរទន្ទឹមគ្នា។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីនរបស់យើងនៅតែបន្តទៅមុខជានិច្ច ហើយការស្រាវជ្រាវទិន្នន័យចម្ការមីនមិនបច្ចេកទេស (Non-Technical Survey) និងការពិនិត្យឡើងវិញនូវ ការប្រើប្រាស់ដី (Revisit) ត្រូវតែដើរទន្ទឹមគ្នា ដើម្បីកាត់បន្ថយផ្ទៃដី កាត់បន្ថយពេលវេលា និងកាត់បន្ថយការចំណាយធនធានបោសសម្អាត៕