(ភ្នំពេញ)៖ នៅក្នុងជំនួបលោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំអាស៊ាន និងលោកស្រី Carmen Monero ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាក្នុងនាមជាប្រធានវិលជុំអាស៊ាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការ «បៃតង» ក្នុងក្របខណ្ឌអាស៊ាន-អឺរ៉ុប។

ដោយឡែក លោក Igor Driesmans ក៏បានលើកឡើងនូវការគិតគូរអំពីកិច្ចសហប្រតិបត្តិការ «បៃតង» នៅក្នុងក្របខណ្ឌអាស៊ាន-អឺរ៉ុប ដែលនឹងក្លាយជាកត្តាជំរុញបន្ថែមទៀតនូវរបៀបវារៈពាក់ព័ន្ធនឹងវិស័យបរិស្ថាន នៅក្នុងតំបន់អាស៊ាន។

លោកថា កិច្ចសហប្រតិបត្តិការបៃតងអាស៊ាន-អឺរ៉ុបនេះ នឹងរួមមាននូវគំនិតផ្ដួចផ្ដើមថ្មីៗ ជាអាទិ៍ហិរញ្ញប្បទាន និងការវិនិយោគប្រកបដោយចីរភាព ការជំរុញសេដ្ឋកិច្ចបៃតង ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ថាមពលស្អាត និងការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ សហភាពអឺរ៉ុប ក៏នឹងស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន-អឺរ៉ុប នៅក្នុងពេលខាងមុខនេះផងដែរ។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំអាស៊ានថា កម្ពុជាក្នុងនាមជាប្រធានវិលជុំអាស៊ាន ត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការបៃតងនេះ ហើយកម្ពុជាស្នើ ឱ្យមានគំនិតផ្ដួចផ្ដើមមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងឥណទានកាបូន ការគ្រប់សំណល់ប្លាស្ទិកក្នុងសមុទ្រ ការអភិវឌ្ឍបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍសហគមន៍មូលដ្ឋានក្នុងតំបន់អាស៊ាន៕