(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ មិនសាមញ្ញពេកនោះទេ ដោយបញ្ហាមួយមិនទាន់ត្រូវបានដោះស្រាយចប់ផង ក៏លេចចេញនូវបញ្ហាបន្តបន្ទាប់ជាច្រើនទៀត។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ ដោយនៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹក និងថ្លែងអំណរគុណដល់ភាគីទាំងអស់ ដែលបានគាំទ្រកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយការលើកទឹកចិត្ត និងស្ថាបនា ដែលនឹងធ្វើឱ្យកម្ពុជា អាចសម្រេចជោគជ័យរួមជាមួយសហគមន៍អន្តរជាតិ ក៏ដូចជាដៃគូក្នុងអាស៊ាន ដើម្បីធានាជោគជ័យក្នុងការដោះស្រាយបញ្ហានាន។

ជុំវិញបញ្ហានេះ សម្តេចតេជោបានបញ្ជាក់ដូច្នេះថា៖ «ក៏ប៉ុន្តែធ្វើប្រធានអាស៊ានឆ្នាំ២០២២ មិនសាមញ្ញនោះទេ រឿងមួយមិនទាន់ចប់រឿងមួយបានកើតឡើង រឿងមួយបានកើតឡើងក៏មានរឿងមួយទៀតកើតឡើងបន្ត យើងកំពុងបន្តជំរុញ COC រវាងអាស៊ានចិន ទៅមុខ ក៏កើតឡើងនូវបញ្ហាមីយ៉ាន់ម៉ា បញ្ហាមីយ៉ាន់ម៉ាមិនទាន់ចប់ ឥឡូវកើតឡើងបញ្ហារុស្ស៉ី និងអ៊ុយក្រែន»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើទោះបីជាបញ្ហារុស្ស៉ី និងអ៊ុយក្រែននៅឆ្ងាយពីអាស៊ាន ក៏ប៉ុន្តែក៏មានការតម្រូវឱ្យអាស៊ានបញ្ចេញនូវឥរិយាបទរបស់ខ្លួនផងដែរ។

កម្ពុជាបានក្លាយជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣ នៅឆ្នាំ២០២២នេះ ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់។ ក្នុងការទទួលបានតំណែងប្រធានអាស៊ាននេះ កម្ពុជាធ្លាប់បានប្តេជ្ញាជួយសម្របសម្រួលបញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង រួមទាំងបញ្ហាផ្សេងៗទៀតផងដែរ៕