(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលយកជីវិតធ្វើដើមទុនរំដោះមាតុភូមិកម្ពុជា ចេញពីភ្លើងសង្គ្រាម បង្រួបបង្រួមកងកម្លាំងប្រដាប់អាវុធ រហូតមានសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន បានបន្ដប្រកាសថា សន្ដិភាព គឺជានយោបាយអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅកំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើធានាសន្ដិភាពមិនបានទេនោះ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យសោះ។

ការប្រកាសជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ស្របពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញការវាយប្រហាររបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន ប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវបានបំផ្លាញ។ បន្ថែមពីនេះ ក៏បានជះឥទ្ធិពលទៅក្នុងតំបន់ និងពិភពលោកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «សន្ដិភាពជាចំណុចពិសេស និងអាទិភាពខ្ពស់បំផុត នៃនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ បើធានាមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ដំបូងបំផុតអ្នកត្រូវធានាសន្ដិភាព ដើម្បីធានាថា សិទ្ធិរស់រានមានជីវិត ជៀសផុតពីការស្លាប់ ដោយសារអាវុធ ជៀសផុតពីការភ័យខ្លាចដោយសារគ្រាប់កាំភ្លើង និងគ្រាប់បែក»

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សម្តេចអាចរកសន្តិភាពដោយការបញ្ចប់ភ្លើងសង្គ្រាមបាន តែមិនអាចរកសន្តិភាពផ្លូវចិត្តចំពោះអ្នកមានពិរុទ្ធភាពនោះឡើយ ដូច្នេះអ្នកណាព្រឹត្តិអ្វីខុស ហើយគ្មានសន្ដិភាពផ្លូវចិត្ត។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា បុគ្គលខ្លះក្បត់ប្រពន្ធ ក្បត់ប្ដី ប្រព្រឹត្តអំពើខុសច្បាប់ ហើយគ្មានសន្ដិភាពផ្លូវចិត្ត កុំបន្ទោសរាជរដ្ឋាភិបាល។

គួរជម្រាបថា នេះមិនមែនជាការប្រកាសលើកទី១នោះទេ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជាក់អំពីគុណតម្លៃនៃសន្ដិភាព និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសហើយថា សន្ដិភាព ពិតជាមានតម្លៃខ្លាំងណាស់ ហើយសម្ដេចហ៊ានលះបង់គ្រប់បែបយ៉ាង ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការពារសន្ដិភាព។

សម្ដេចធ្លាប់បានសង្កត់ធ្ងន់ថា រាល់សកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសន្ដិភាព ត្រូវតែកម្ទេចចោល ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា មានសន្ដិភាព ប្រជាពលរដ្ឋអាចធ្វើអ្វីៗបានទាំងអស់ អាចធ្វើដំណើរកម្សាន្ដបានគ្រប់ទីកន្លែង អាចប្រកបមុខរបរផ្សេងៗ និងអាចចូលរួមក្នុងសកម្មភាពសង្គម ដោយគ្មានការភ័យខ្លាចអ្វីឡើយ៕