(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនៃខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ខណៈមន្ទីរពេទ្យដ៏ធំនេះបានចំណាយថវិកាសាងសង់អស់ប្រមាណ៥០លានដុល្លារ។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះយើងសម្ពោធផ្លូវនៅទីនេះ (កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត) ហើយសប្ដាហ៍ក្រោយ ខ្ញុំជាមួយនឹងឯកឧត្តម វ៉ាង វិនធាន នឹងរួមគ្នាទៅសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាបានបើកការដ្ឋានសាងសង់ និងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលជាច្រើន មានដូចជាផ្លូវ ស្ពាន មន្ទីពេទ្យ អគារ និងហេរដ្ឋារចនាសម្ពន្ធនានា ដែលជាជំនួយផ្ដល់ដោយសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន និងដៃគូសហប្រតិបត្តិការផ្សេងទៀត ទោះបីកម្ពុជារងនូវវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តទៀតថា សមិទ្ធផលទាំងនេះហើយគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយប្រទេសទាំងអស់ ពិសេសជាមួយសាធារណរដ្ឋប្រជាមានិតចិន។

គួរជម្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដែលសាងសង់លើផ្ទៃដីទំហំ៧៥,៣៧០ម៉ែត្រការ៉េ។ ការសាងសង់មន្ទីរពេទ្យដ៏ធំមួយនេះគឺត្រូវចំណាយថវិកាប្រមាណ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។

ចំពោះរចនាសម្ពន្ធមន្ទីរពេទ្យវិញ គឺមានអគារចំនួន៩ដែលតភ្ជាប់គ្នាទៅវិញទៅមក ក្នុងនោះមានអគារសម្រាកពេទ្យកម្ពស់៥ជាន់, អគារសម្ភព រោគស្ត្រី និងកុមារកម្ពស់៥ជាន់, អគារវេជ្ជសាស្ត្រ, អគាររដ្ឋបាល និងស្នាក់នៅកម្ពស់២ជាន់ និងអគារផ្សេងៗទៀត។

មន្ទីរពេទ្យនឹងបែងចែកជាផ្នែកផ្សេងៗដែលមានចំនួនគ្រែសរុប៣០០គ្រឿងសម្រាប់ដាក់បម្រើសេវាសម្រាកព្យាបាល ដែលក្នុងនោះរួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកជំងឺសម្រាកពេទ្យ ផ្នែកបច្ចេកវិទ្យា វេជ្ជសាស្ត្រ ផ្នែកប្រព័ន្ធសុវត្តិភាព ផ្នែករដ្ឋបាល និងបន្ទប់ស្នាក់នៅរបស់វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិក ព្រមទាំងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់នានាក្នុងពេលដំណាលគ្នាផងដែរ៕