(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តប្រយុទ្ធជាមួយជំងឺកូវីដ១៩ តាមរយៈវិធានការ «៣កុំ និង៣ការពារ» និងវិធានការសុខាភិបាលនានា ហើយត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមការផែនដែលបានដាក់ចេញ ឱ្យបានគ្រប់ៗគ្នា។

ការបន្តអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងជាង ១៣៤គីឡូម៉ែត្រ។

ទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលបានធ្វើឱ្យសម្តេចគេចផុតពីការឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ទោះបីជាកន្លងមកនេះ សម្តេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ ក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «អញ្ចឹងបានជាបញ្ហាទាក់ទិននឹងរឿងកូវីដនេះ ខ្ញុំសូមយកឱកាសនេះ គឺអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងបន្តប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ តាមរយៈវិធានការ (៣កុំ និង៣ការពារ) និងការទទួលយកវ៉ាក់សាំងឱ្យគ្រប់តាមការកំណត់ ក្នុងហ្នឹងប្រជាពលរដ្ឋរបស់យើងដែលបានទទួលវ៉ាក់សាំងរួចហើយទាំងដូសទី១ និងដូសទី២ មានរហូតជាង ៩១ភាគរយ ហើយអ្វីដែលគួរមានមោទនភាពនោះ គឺកុមារ៣ឆ្នាំ ៤ឆ្នាំ ដែលទើបនឹងឱ្យចាក់នៅថ្ងៃទី២៣ កន្លងទៅនេះ មកពេលនេះ គឺចាក់បានជាង២៨ភាគរយ ដំបូងខ្ញុំព្រួយ ថាកុមារតូចពេកខ្លាចម្ជុរ ប៉ុន្តែ ថ្ងៃចាក់ទី១ និងថ្ងៃទី២ ចាក់បាន២០ភាគរយ...»

នាឱកាសនោះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង កំពុងតែវាយប្រហារលើកូនក្មេង ខណៈកាលពីមុនមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទតែលតា និងអាល់ហ្វា វាយប្រហារតែលើមនុស្សចាស់ ប៉ុន្តែ សម្រាប់ប្រភេទមេរោគបំប្លែង អូមីក្រុង បានវាយប្រហារលើគោលដៅចំនួនទាំងមនុស្សចាស់ និងកូនក្មេង ជាពិសេសដឹកនាំ ពីព្រោះពួកគាត់ត្រូវជួបមនុស្សច្រើនក្នុងការងារទំនាក់ទំនងផ្សេងៗ។

សម្តេចតេជោ ក៏បានជំរុញបន្ថែមដល់ប្រជាពលរដ្ឋដែលមានចាក់វ៉ាក់សាំងដូសទី២ រួចហើយ សូមបន្តអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងដូសទី៣ បានប្រមាណជាង៧លាននាក់។ សម្រាប់ដូសទី៤ ចាក់បានប្រមាណជាង ១លាននាក់ហើយ។

«អញ្ចឹងទេ យើងត្រូវអរគុណជាមួយនឹងវ៉ាក់សាំង ហើយមិត្តចិន នឹងបន្តផ្តល់ឱ្យយើងនូវជំនួយវ៉ាក់សាំងបន្តទៀត អីឡូវវ៉ាក់សាំងនៅក្នុងឃ្លាំងប្រមាណជាង ៧លានដូស យើងនឹងខិតខំនាំចូលមកប្រទេសរបស់យើងនៅឆមាសទី១ឆ្នាំនេះ នាំចូលវ៉ាក់សាំងឱ្យបាន៨លានដូសទៀត ធ្វើយ៉ាងម៉េចដើម្បីធានាថា នៅក្នុងឃ្លាំងរបស់យើងមានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយក្នុងនោះមានចាប់តាំងពីកុមារចាប់ពីអាយុ ៣ឆ្នាំផងដែរ»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

នាយករដ្ឋមន្ត្រីនៃកម្ពុុជា បានបន្ថែមថា នេះជាការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរបស់យើង។

សូមបញ្ជាក់ថា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣០,៥៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន១២៤,១៧៧នាក់, ស្លាប់សរុបចំនួន៣,០៣២នាក់។

គួរជម្រាបថា គិតត្រឹមយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ កម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៦២៣,០៤៤នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៤២,៨០៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៥,៨៦០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០២៩,៤៤៩នាក់
៤៖ អាយុ៥ឆ្នាំ ៣៥៣,៦២៨នាក់
៥៖ អាយុ៣ឆ្នាំ ដល់៥ឆ្នាំ ១៧១,៣០៣នាក់៕