(ភ្នំពេញ)៖ បន្ទាប់ពីសាកសួរ លោកស្រី សម័យ លីនដា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីត្រូវចោទម្នាក់ ពាក់ព័ន្ធសំណុំរឿង ចេញសែកគ្មានសាច់ប្រាក់ និងឆបោកប្រាក់។ ការដោះលែងជនត្រូវចោទឈ្មោះ នាក់ សុវណ្ឌី បានធ្វើឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំតុលាការ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ ចំពោះការដោះលែងស្ត្រីឈ្មោះ នាក់ សុវណ្ឌី នេះ អ្នកសារព័ត៌មានពុំអាចសុំការបញ្ជាក់ពីលោក អ៉ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានទេ ដោយលោកប្រាប់ថាចំលោកសួរចៅក្រមសិន។

សូមជម្រាបថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ស្ត្រីត្រូវចោទឈ្មោះ នាក់ សុវណ្ឌី កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី សម័យ លីនដា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) និងបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕