(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ក្នុងនោះយប់៣លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១៣នាក់ (ស្រី៣នាក់) និងរបួសស្រាល៧នាក់ (ប្រុស) នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច៩គ្រឿង រថយន្តធុនធំ១គ្រឿង, គោយន្ត១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក (ស្លាប់១នាក់), ស្រវឹង១លើក, មិនប្រកាន់ស្តាំ៣លើក (ស្លាប់១នាក់), ប្រជែងគ្រោះថ្នាក់២លើក ក្នុងនោះមិនពាក់មួកពេលគ្រោះថ្នាក់៩នាក់ យប់៤នាក់។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនៅថ្ងៃម្សិលមិញនេះ សមត្ថកិច្ចរកឃើញមធ្យោបាយល្មើស ៣,៦៩៥ គ្រឿង, អប់រំ ១,៥២២ គ្រឿង, ពិន័យ ២,១៧៣ គ្រឿង៕