(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ជុំវិញករណីរថយន្តបុកម៉ូតូឆេះទាំងរថយន្ត និងម៉ូតូ បណ្តាលស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់៤នាក់ ដែលកើតឡើងនៅម៉ោង៩៖៤៥នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអធិការបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡើង រវាងរថយន្តម៉ាក Camry Hybrid ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយ ឈ្មោះ វន វឌ្ឈនពន្លឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ០២គ្រឿងម៉ាក Viva ពណ៍ខ្មៅ និង ម៉ាក Smash V ពណ៍ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ស្លាប់ចំនួន០២នាក់ (ប្រុស), របួស០៤នាក់ (ប្រុស)។
លោក តេង ស៊ីណូ បានបញ្ជាក់ទៀតថា ក្នុងករណីនេះបណ្តាលឲ្យឆេះខូចខាត រថយន្តម៉ាក Camry Hybrid ១គ្រឿង និងឆេះខូចខាតម៉ូតូ ម៉ាក Smash V ពណ៍ខ្មៅ១គ្រឿង ហើយសាកសពរក្សាទុក នៅក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត និងម៉ូតូជនរងគ្រោះ ប្រគល់ឲ្យការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ យកទៅចាត់ការបន្ត។ លោកអធិការបានបន្ថែមថា អ្នកបើកបររថយន្តស្រវឹងស្រា ទើបបើករថយន្តបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ៕