(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌរបស់លោក បានបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូ ពេលរាត្រី៣នាក់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាព ដោយប្រើខ្សែក្រវ៉ាត់វាយជនរងគ្រោះ ប៉ងប្លន់យកម៉ូតូ នៅចំណុចផ្លូវ២០០ កែង៥១ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា ក្រោយមានករណីប្លន់ម៉ូតូជាបន្តបន្ទាប់ នៅពេលរាត្រីតាមបណ្តាខណ្ឌរួចមក ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលតាមខណ្ឌ ធ្វើការស្រាវជ្រាវ និងចុះល្បាតជាប្រចាំ ដើម្បីទប់ស្កាត់សកម្មភាព ក្រុមចោរប្លន់ទាំងនេះ។ ជាក់ស្តែងពេលកម្លាំងនគរបាលរបស់លោក កំពុងចុះល្បាត ក៏ជួបនឹងសកម្មភាពទាំងនេះ រហូតធ្វើការបង្ក្រាបទាន់ពេលតែម្តង។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ ពេជ្រ ចាន់ណារ័ត្ន អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ ៣៧១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ, ២-ឈ្មោះ តឹប ចំរើន អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២២៩ ផ្លូវ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង៣-ឈ្មោះ កែវ វិចិត្រ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះស្នាក់ នៅផ្ទះលេខ៧១ ផ្លូវ៣៧១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ក្រោយការបង្ក្រាបកម្លាំងនគរបាល បានដកហូតម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1FT-3125 និងខ្សែក្រវាត់ចំនួនមួយ ដែលប្រើប្រាស់ធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតីវិធី៕