(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គិសនីនៅខេត្តស្ទឹងត្រែង នៅមិនទាន់មាននៅឡើយនោះទេ បន្ទាប់ពីកាត់ផ្តាច់ទូទាំងខេត្តពីល្ងាចម្សិលមិញ ដោយសារខ្យល់ភ្លៀងកន្ត្រាក់រលំដើមឈើដាច់ខ្សែភ្លើង នៅប្រទេសឡាវ ដែលជាប្រភពតែមួយគត់ផ្គត់ផ្គង់ភ្លើងពីប្រទេសឡាវ មកកាន់ខេត្តស្ទឹងត្រែង។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០២ ខែឧសភាម្សិលមិញឲ្យដឹងថា ចរន្តអគ្គិសនីនៅ ខេត្តស្ទឹងត្រែង ត្រូវបានកាត់ផ្តាច់ទូទាំងខេត្ត ដោយសារខ្យល់ភ្លៀងកន្ត្រាក់រលំដើម ឈើដាច់ខ្សែភ្លើងនៅប្រទេសឡាវ ដែលជាប្រភពតែមួយគត់ផ្គត់ផ្គង់ ភ្លើងពីប្រទេសឡាវ មកកាន់ខេត្តស្ទឹងត្រែង។
ប្រមុខអគ្គិសនីកម្ពុជារូបនោះបានបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីនេះអាចអូសបន្លាយអស់មួយយប់, ដោយសារភាគីខាងប្រទេសឡាវ មិនទាន់មានជំនាញណាធ្វើការជួសជុលនៅឡើយនោះទេ ដោយការដាច់ខ្សែភ្លើងនេះនៅស្ថិតចំណុចក្បែរព្រំដែនរបស់ ឡាវ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក កែវ រតនៈ បានបន្តទៀតថា ការដាច់ចរន្តអគ្គិសនីទូទាំងខេត្តស្ទឹងត្រែងនេះ ដោយសារស្ទឹងត្រែងទាំង មូលទទួលបណ្តាញចរន្តអគ្គិសនីតែមួយគត់ ពីប្រទេសឡាវ ហើយខេត្តស្ទឹងត្រែងមិនទាន់តភ្ជាប់បណ្តាញ អគ្គិសនីរបស់ជាតិនោះទេ នៅពេលបច្ចុប្បន្ន។
ប្រមុខអគ្គិសនីកម្ពុជា លោក រតនៈ បានអះអាងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននឹងកំពុងសាងសង់បណ្តាញតភ្ជាប់ពីខេត្តក្រចេះ ទៅស្ទឹងត្រែង ដើម្បីឲ្យខេត្តស្ទឹងត្រែង អាចមានចរន្តអគ្គិសនីប្រើប្រាស់បណ្តាញជាតិ ហើយការតភ្ជាប់បណ្តាញជាតិនេះ អាចនឹង រួចរាល់នៅឆ្នាំក្រោយ៕