(កំពង់ចាម)៖ ដោយមើលឃើញពីបញ្ហាកង្វះទឹកប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិអូរតាថុក, ភូមិទួលថ្ម, ភូមិថ្មពូនកណ្តាល និងភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ លោក យុន ឈុន្នី អនុប្រធានក្រុមការងារថ្នាក់ជាតិស្រុកព្រៃឈរ ចុះជួយ ឃុំថ្មពូន បានផ្តល់ថវិកាចំនួន ៦លានរៀល ដើម្បីកសាងអណ្តូងទឹកចំនួន២ ដែលប្រើប្រាស់ម៉ូទ័របូមទឹក ដើម្បីទុកជាប្រយោជន៍ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់តាមតម្រូវការ។
ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អណ្តូងទឹក លោក យុន ឈុន្នី បានលើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទូទាំងប្រទេស ដែលកំពុងជួបនូវបញ្ហាខ្វះទឹកប្រើប្រាស់ ដោយសម្តេចបានប្រឹងប្រែងគ្រប់លទ្ធភាពប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប នាំយកទឹក ដែលជាសេចក្តីត្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យបីប្រការ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះប្រើប្រាស់ទឹកឲ្យមានការសន្សំសំចៃ ហើយនៅពេលមានភ្លៀងធ្លាក់ត្រូវយកចិត្តទុកដាក់ រក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលបាតុភូតនេះអាចកើតមានឡើងគ្រប់ពេល។
ឆ្លៀតក្នុងឱកាសនោះដែរ លោក យុន ឈុន្នី ក៏សំណូមពរឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរិះរកឲ្យអស់គ្រប់មធ្យោបាយ និងលទ្ធភាព ដែលខ្លូនមាន ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លូន ដែលខ្វះទឹកប្រើប្រាស់ ឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។
ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អណ្តូងទឹក នេះដែរ លោក យុន ឈុន្នី បានឧបត្ថម្ភថវិកាដល់គ្រួសារឆ្លងទន្លេ ៤គ្រួសារ និងគ្រួសារសព ៤គ្រួសារ នូវថវិកាចំនួន ៩៦ម៉ឺនរៀល, ឧបត្ថម្ភពលរដ្ឋពិការជើងម្នាក់ ១០០ដុល្លារ, ឧបត្ថម្ភពលរដ្ឋមានជំងឺម្នាក់ ១០ម៉ឺនរៀល និងឧបត្ថម្ភចាស់ជរាគ្មានទីពឹងម្នាក់ ១០ម៉ឺនរៀល និងសារុង ១ផងដែរ៕