(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ បាតុភូតខ្យល់កន្រ្តាក់មួយប្រាវដែលបានកើតឡើងនៅល្ងាចមិញ ស្ថិតនៅភូមិទួលគ្រើល និងភូមិថ្នល់ ឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្គ បានបំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន២៨ខ្នង និងរបួសមនុស្សម្នាក់ដោយសាររន្ទះបាញ់។
លោកអភិបាលខេត្តបានបញ្ជាក់ថា «ផ្ទះចំនួន២៨ខ្នង (មានខ្លះប្រកក្បឿង និងខ្លះប្រកស្បូវ) គឺ២៥ខ្នងរបើុកដំបូល ២ខ្នងលោតចេញពីជើងសសរ និងមួយខ្នងទៀតដួលរលំទាំងស្រុងតែម្តង»។
សម្រាប់បាតុភូតធម្មជាតិមួយនេះ លោកបានបញ្ជាភ្លាមៗ ឲ្យអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដោយជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ហើយការជួសជុលផ្ទះជូនប្រជាពលរដ្ឋ នឹងត្រូវធ្វើឡើងផងដែរ។
អភិបាលស្រុកប្រាសាទបល្ល័ង្គ លោក ទូច សុខា បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះដែលរងគ្រោះថ្នាក់ដោយសាររន្ទះបាញ់នោះឈ្មោះ សិន សឿន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទួលគ្រើល។
នៅពេលនេះទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បាននិងកំពុងចុះទៅស្រាវជ្រាវបន្ថែម និងធ្វើរបាយការណ៍ពីទំហំ នៃការខូចខាត ហើយត្រៀមការជួយជួសជុលផ្ទះ ពួកគាត់ឡើងវិញ៕