(ភ្នំពេញ)៖ ក្នុងនាមគណៈកម្មាធិការ ACWC កម្ពុជានឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ពាក់ព័ន្ធសិទ្ធិស្រ្ដី និងកុមារ រួមទាំងការផ្លាស់ប្ដូរនូវបទពិសោធន៍ល្អៗ ដែលកម្ពុជាបាន និងកំពុងអនុវត្ដជាធរមាន។

នេះជាការលើកឡើងរបស់ លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយរបាយការណ៍ស្ដីពី ការកំណត់អត្តសញ្ញាណតាមផ្លូវច្បាប់ សម្រាប់ស្ត្រី និងកុមារ ជាភាសារខ្មែរ និងការចែករំលែកបទពិសោធន៍ និងការអនវត្តល្អៗ ពីប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន តាមប្រពន្ធ័ Zoom នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានបន្ថែមថា កម្ពុជាបានចាត់ទុកថា ការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយបានដាក់បញ្ចូលនៅក្នុងកម្មវិធីគោលនយោបាយ ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្រ្តទី១ «ការអភិវឌ្ឍធនធានមនុស្ស» ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលមានសូចនាករ និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត ស្របតាមឯកសារគោលនយោបាយ និងបទដ្ឋានគតិយុត្តផ្សេងៗ ជាពិសេសឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីវភាពនៃរបៀបវារៈឆ្នាំ២០២១៦-២០៣០ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

នៅក្នុងឱកាសនោះ លោក ម៉ែន សុចិត្រ ក៏បានកោតសរសើរចំពោះ គណៈកម្មាធិការអាស៊ាន ស្តីពីការ ពង្រឹងសមត្ថភាពដល់មន្រ្តីជួរមុខ ក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីធានាបាននូវការការពារសិទ្ធិរបស់ស្រ្តី និងកុមារតាមរយៈការទទួលបាននូវអត្តសញ្ញាណកម្ម និងសញ្ជាតិស្របច្បាប់។

លោកបានបន្ថែមថា ពាក់ព័ន្ធនឹងការផ្តល់អត្តសញ្ញាណជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានដាក់ ចេញនូវផែនការយុទ្ធសាស្រ្តជាតិស្តីពី «អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦» និងអនុក្រឹតស្តីពីអត្រា នុកូលដ្ឋាន ដែលមានក្រសួងមហាផ្ទៃជាយន្តការសំខាន់។

លោកបន្តថា ក្នុងឆ្នាំ២០២២ កម្ពុជាគឺជាប្រធានប្តូរវេនរបស់អាស៊ាន ហើយមូលបទសំខាន់ របស់អាស៊ានគឺ «អាស៊ានរួមគ្នាធ្វើ «ដោះស្រាយបញ្ហាប្រឈមទាំងអស់ ដោយផ្តោតលើ ស្មារតីស្នូលរបស់អាស៊ាន ភាពរួបរួមគ្នា សាមគ្គីភាពនិងភាពសុខដុមរមនា ក្នុងគោលបំណងរក្សាឲ្យបាននូវវឌ្ឍនាភាពការងារដែលមានស្រាប់ និងលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់៕