(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្តសម្រាប់ ខែមីនា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនានា នៅក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទ បានបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា កងទ័ពបានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ផងដែរ៕