(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកដោះស្រាយបន្ទាន់លើបញ្ហាខ្វះខាតទឹកប្រើប្រាស់, ក្រសួងអប់រំ យុវជន និងកីឡា ស្នើលោក, លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី ខេត្ត ធ្វើការណែនាំបន្ទាន់ដល់សាលារៀន ដែលខ្វះខាតទឹក អាចប្រើប្រាស់ថវិកាសាលារៀន ក្នុងអនុគណនី ៦០០៣១ (ស្បៀង) ៦០០៦២ (ទឹក) និងថវិកាជំនួយដើម្បីកែលម្អសាលារៀន (SIG/Sida) ក្នុងខ្ទង់ប្រជុំ និងសម្ភារៈកែលម្អបរិស្ថាន និងទីធ្លាកម្សាន្តសម្រាប់ចំណាយ ទិញទឹកប្រើប្រាស់ ដើម្បីបន្តនិរន្តរភាពដំណើរការសាលារៀន។
ការណែនាំបន្ទាន់នេះ បានធ្វើឡើង ក្រោយពីក្រសួងអប់រំ មើលឃើញថា បច្ចុប្បន្ននេះកម្ពុជា បាននិងកំពុងតែរងឥទ្ធិពលបម្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ បង្កឲ្យ ឡើងកំដៅក្តៅហួតហែងបណ្តាលឲ្យខ្វះទឹកសម្រាប់ប្រើប្រាស់យ៉ាងខ្លាំង។ ករណីនេះក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការសាលារៀន ជាពិសេសគឺ សាលារៀននៅតំបន់ដាច់ស្រយាល។
នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយលើ Facebook Page ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច៕