(ភ្នំពេញ)៖ បន្ទាប់ពីការដាក់បទបញ្ជាឲ្យរឹតបន្តឹងការប្រមូលពន្ធគយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំណូលពន្ធគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការឡើងខ្ពស់ បើធៀបនិងពេលមិនទាន់ដាក់ចេញផែនការតឹងរឹងនោះ។
បើតាមលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត បានប្រាប់ Fresh News ថា ការប្រមូលពន្ធនៅច្រកទ្វារប៉ោយប៉ែតរយៈពេល ៣ខែឆ្នាំ២០១៦ បានជាង ១០០ពាន់លានរៀល កើនឡើងជាង ១០០ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៥។ លោក ហ៊ុយ សុជាតិ ក៏បានឲ្យដឹងផងដែរថា គ្រានតែថវិកាពន្ធប្រមូលពីការដឹកទំនិញតាមរទេះទទួលបានប្រមាណពី ៥០០-៦០០លានរៀលក្នុងមួយខែ។
ដើម្បីសម្រួលដល់ការប្រមូលពន្ធពីទំនិញតាមរទេះនេះ បច្ចុប្បន្នគយ និងរដ្ឋាករប៉ោយប៉ែត បានជួលដីមួយកន្លែងសាងសង់ជាទីចំណតរបស់អ្នកអូសទំនិញតាមរទេះ និងពិនិត្យទំនិញ។ ចំណតនេះ បានជួយសម្រួលដល់សណ្តាប់ធ្នាប់នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយក៏ជួយឲ្យអ្នកអូសរទេះបានសម្រាកពីការនឿយហត់ផងដែរ។
លោក ហ៊ុយ សុជាតិ បានប្តេជ្ញាអនុវត្តការងារប្រមូលពន្ធឲ្យអស់ពីកម្លាំងកាយ និងដោយតម្លាភាព ដើម្បីកៀងករថវិកាជូនជាតិដោះស្រាយបញ្ហានានា ក៏ដូចជាតម្លើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ៕
ដើម្បីជ្រាបច្បាស់អំពីការងារមន្រ្តីគយ និងរដ្ឋាករប៉ោយប៉ែត សូមទស្សនាវីដេអូបទសម្ភាសន៍រវាង Fresh News និង លោក ហ៊ុយ សុជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖