(ពោធិ៍សាត់)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង របស់អង្គការកុមារ NOMA ចំនួន១១នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Dr. Philippe Bellety និង សម្របសម្រួលដោយ លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន បានមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ៣០ ខែ មេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ នូវជំងឺឆែបមាត់ ពកសាច់ ដុះសាច់ សំឡាកធំ និងជើងខ្វេជាដើម ។
លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន ជំនួសមុខឲ្យលោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលលីធី បានឲ្យដឹងថា លោកវេជ្ជបណ្ឌិតបានបន្តថា សមាគមមនុស្សធម៌បារាំង បង្កើតឡើងនៅឆ្នាំ ២០០១មកម្ល៉េះ ដោយបានជួយព្យាបាល ផ្នែកវះកាត់កែមុខមាត់ ដល់កុមារនៅអាហ្វ្រិក នៅម៉ាលី និង នៅប៊ីគីណាហ្វាសសូ ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៥ បានជាង ៣០០០នាក់ ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា ការសម្រេចចិត្តមកព្យាបាល នៅប្រទេសកម្ពុជានេះ គឺដោយសារនៅប្រទេសអាហ្វ្រិកអស្ថេរភាព មានការគម្រាមពីពួក ISIS។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ផងដែរថា ជំហ៊ានដំបូងក្នុងគម្រោងនេះ គឺមានរយៈពេលយូរ ដោយមានបង្រៀនជំនាញវះកាត់មុខមាត់ ដល់គ្រូពេទ្យនៅខេត្តពោធិ៍សាត់ និង រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងមួយឆ្នាំយើងអាចចុះមក ពី២ទៅ៣ដង ហើយក្នុងមួយដង ប្រើប្រាស់រយៈពេល ពី១សប្ដាហ៍ ទៅ២សប្តាហ៍ ដោយមានគ្រូពេទ្យបារាំងចំនួន ០៨នាក់។ ជាងនេះទៅទៀតសម្រាប់ប្រទេសកម្ពុជា ជាក់ស្តែងខេត្តពោធិ៍សាត់ គឺជាខេត្តមុនគេបង្អស់ ដែលសមាគមរបស់យើង សម្រេចចិត្តមកព្យាបាល ក្នុងរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ ក្រោយជំនួប និងទទួលបានការគាំទ្រទាំងស្រុងពី ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីដើមខែ កុម្ភៈ ឆ្នាំ ២០១៦កន្លងទៅ ។
លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាល និងលោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ដែលបានមកព្យាបាលជំងឺឆែបមាត់ ពកសាច់ ដុះសាច់ សំឡាកធំ និង ជើងខ្វេជាដើម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់នាពេលនេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ លោកវេជ្ជបណ្ឌិត Philippe Bellety បានជួបសម្តែងការគួរសម្យ ជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្ត ដើម្បីទំនាក់ទំនងសុំផ្នែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ធ្វើជាកន្លែងពិនិត្យ និង ព្យាបាលជំងឺខាងលើ៕