(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ១គ្រួសារ ដែលសម្រាលបានកូនភ្លោះចំនួន៣នាក់ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា។

ក្នុងឱកាសនេះដែរ លោកស្រី ចឹក ហេង បាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រី ចឹក ហេង បានចូលរួមអបអរសារទរសប្បាយរីករាយជាមួយក្រុមគ្រួសារដែលប្រសូត្របានកូនភ្លោះ៣នាក់ដោយសុវត្ថិភាព ហើយមានសុខភាពល្អទាំងម្តាយនិងកូន។ លោកស្រីបានណែនាំឲ្យខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនតាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ។

អំណោយដែលផ្តល់ជូននៅពេលនេះ រួមមាន ពូក៣ មុង៣ ស្រោមដៃស្រោមជើង៣គូ មួក៣ ខោអាវ៣ឈុត ដបទឹកដោះគោ៦កំប៉ុង ម្សៅទឹកដោះ៦កំប៉ុង កន្សែងពោះគោធំចំនួន៣ ទឹកដោះគោឆៅចំនួន៣ឡូ ទឹកសុទ្ធ៤កេស ថវិកាចំនួន៥០០,០០០រៀល និងថវិកាសប្បុរសជន១.លោក យុង គឹមហ៊ាន ថវិកាចំនួន ២០០,០០០រៀល ២.លោកស្រី គាត កិច្ច ថវិកាចំនួន ១០០,០០០រៀល ៣.កញ្ញា ម៉ុម សុទ្ធាវី ថវិកាចំនួន ៥០,០០០រៀល ៤.លោកស្រី ហែម សុភ័ក្រមុន្នី ថវិកាចំនួន ៥០,០០០រៀល
៥.លោកស្រី ហូយ ផល្គុនី្ន (កូនកន្សែងពោះគោតូចចំនួន៣ ខោអាវ ៣ឈុត ស្រោមដៃស្រោមជើង ៣គូរ) ក្នុងនោះផងដែរបានផ្តល់ថវិកាចំនួន ៥០,០០០រៀល ដល់ស្រ្តីសម្រាលកូន ១គ្រួសារ សម្រាកនៅក្នុងបន្ទប់ជាមួយគ្នា។

សូមបញ្ជាក់ថា ក្រៅពីអំណោយរបស់កាកបាទក្រហមកម្ពុជាដែលបានយកទៅប្រគល់ជូនស្ត្រីឆ្លងទន្លេប្រសូត្របានកូនភ្លោះ៣ ក៏មានវត្តមានលោក កង សៅគុណ ប្រធានក្រុមការងារខេត្តចុះជួយស្រុកជ័យសែននិងលោក ម៉ប់ ធីរិត ប្រធានក្រុងការងារខេត្តចុះជួយឃុំតស៊ូ ស្រុកជ័យសែន បាននាំអំណោយចុះទៅប្រគល់ជូនផងដែរ។ស្ត្រីដែលសម្រាលបានកូនភ្លោះ៣មានឈ្មោះ ឈ្មោះ ឡៃ ស្រីរដ្ឋ អាយុ២៥ឆ្នាំ រស់នៅភូមិទឹកលិច ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕