(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះថា ទោះបីមានភ្លៀងធ្លាក់ចុះមកខ្លះៗ នៅតាមខេត្តមួយចំនួនក៏ដោយ ក៏ការផ្តល់ទឹកជូនប្រជាពល រដ្ឋដែលកំពុងរងគ្រោះខ្វះទឹកទទួលទាន គឺកំពុងបន្តធ្វើនៅតាមតំបន់ហួតហែងជាបន្តទៀត។
ពិសេសជាងនេះទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងគ្រោះធម្មជាតិ ដែលកើតឡើងជាយថាហេតុ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook របស់សម្តេចបានបញ្ជាក់ទៀតថា «ទន្ទឹមនឹងមានភ្លៀងធ្លាក់ចុះមកខ្លះៗ ក៏មានខ្យល់កន្រ្តាក់បណ្តាលឲ្យ ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ សូមបងប្អូនជួយរាយការណ៌ មកអាជ្ញាធរមានសមត្ថកិច្ច និងកាកបាទក្រហម ប្រសិនបើត្រូវការជំនួយសង្រ្គោះបន្ទាន់អ្វីមួយ។ ការចូលរួមចំណែករបស់បងប្អូន និងសប្បុរសជននានា គឺនៅតែត្រូវការជានិច្ច។ សូមបងប្អូនប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ រួមទាំងរន្ទះអគ្គិភ័យ និងការបាក់លំនៅដ្ឋាន ដោយសារខ្យល់កន្រ្តាក់ និងខ្យល់ព្យុះ ហើយសូមទទួលទានទឹក មានអនាម័យចៀសវៀងជំងឺផ្សេងៗ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិទាំងអស់គ្នា ឲ្យជួបប្រទះតែសេចក្តីសុខ និងសង្ឃឹមថា ភ្លៀងនឹងបន្តធ្លាក់កាន់ តែច្រើនថែមទៀតនៅទូទាំងប្រទេសនាពេលខាងមុខនេះ៕