តុលាការសម្រេចឃុំខ្លួន មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ៥នាក់ ពីបទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី»
02-05-2016 17:55
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ Fresh News ឲ្យដឹងមុននេះបន្តិចថា នៅខណៈពេលនេះតុលាការសម្រេចចេញដីកាឃុំខ្លួន មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿងខាងលើនេះ។
ការសម្រេចចេញដីកាឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោកព្រះរាជអាជ្ញារង គុជ គឹមឡុង បានចោទប្រកាន់ជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែមេសា ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី បន្ទាប់ពីសាកសួរអស់ជាច្រើនថ្ងៃ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ រ៉ង់ដា និង លោកស្រី លឹម មុន្នី ជាមន្ត្រីសមាគមអាដហុក ត្រូវបានតុលាការចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី ផងដែរ។
យោងតាមច្បាប់បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី ៥ឆ្នាំទៅ១០ឆ្នាំ៕