(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន តាំងពីថ្នាក់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ជាពិសេសស្មៀន ដែលជាអ្នករស់នៅផ្ទាល់ ជាមួយប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងផ្តល់សេវាសាធារណៈជូនពួកគាត់ ទៅតាមគោលការណ៍កំណត់របស់រដ្ឋ ក្នុងនាមជាឪពុកម្តាយ ឬជាក្រុមគ្រួសារតែមួយ។
ការជំរុញនេះធ្វើឡើងក្នុងឱកាស លោកអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងផែនការសកម្មភាព ថវិកាសម្រាប់អនុវត្តប្រចាំឆ្នាំ ២០១៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំសណ្ឋាគារ ខេ អឹម ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត នាយក-នាយករងទីចាត់ការទាំង០៥ របស់សាលាខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាសមាគម ស្មៀនឃុំ សង្កាត់ សរុបប្រមាណ ១៥០នាក់ ។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យសង្គមជាតិ យើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងការកាត់បន្ថយភាពក្រីក្របានជាបណ្តើរៗ ហើយភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះយោគយល់អធ្យាស្រ័យគ្នា កុំធ្វើឲ្យរឿងតូចក្លាយទៅជារឿងធំ នាំឲ្យខាតបង់ទាំងថវិកា និងពេលវេលា។ ត្រង់ចំណុចនេះហើយ សូមឲ្យមេភូមិ មេឃុំ ផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ ព្រោះយើងជាឪពុកម្តាយ ត្រូវតែបម្រើពួកគាត់ឲ្យអស់ពីកម្លាំងកាយចិត្ត។
លោកបានបន្ថែមទៀតថា កុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្សពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ និងមានការថ្នាំងថ្នាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសប្រជាពលរដ្ឋ ត្រូវគ្រប់គ្រងប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមកិត្តិក្នុងការទទួលខុសត្រូវ។
លោកបានជម្រាបជូនផងដែរថា ការប្រើប្រាស់ថវិកា និងការសិក្សាគម្រោងឲ្យអស់ពីលទ្ធភាព គឺជាតម្រូវការចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍន៍ភូមិឃុំរបស់យើងប្រកបដោយចេរភាព។ ជាងនេះទៅទៀត មេភូមិ និង មេឃុំ ត្រូវផ្តល់ដំណឹងអំពីតំបន់ ដែលកំពុងតែដាច់ទឹកប្រើប្រាស់ ដើម្បីរួមគ្នាដោះស្រាយជូនឲ្យទាន់ពេលវេលា និង ឆ្លើយតបបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលខេត្ត ក៏បានជូនវត្ថុកំដរដៃដល់សមាជិក សមាជិកា ក្រុមប្រឹក្សាសមាគម និង អ្នកចូលរួមសរុបប្រមាណ១៥០នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង១ និងឧបត្ថម្ភទីតាំងប្រជុំជាថវិកា ២០០ដុល្លារផងដែរ៕