Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនិតលោក វណ្ណ មូលីវណ្ណ៖ លោកតាគ្រាន់តែរាកមួលធម្មតា គ្មានជំងឺឈឺថ្កាត់ធ្ងន់ធ្ងរនោះទេ

02-05-2016 17:26

(សៀមរាប)៖ បន្ទាប់ពីមានព័ត៌មានតាមបណ្តាញសង្គម Facebook ថា លោកតា វណ្ណ មូលីវណ្ណ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ដោយអាការៈជំងឺធ្ងន់ធ្ងរនោះ,​ នៅល្ងាចថ្ងៃនេះ លោក ជួង ឈឿន អ្នកជំនិតរបស់លោក វណ្ណ មូលីវណ្ណបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោកតា វណ្ណ មូលីវណ្ណ គ្រាន់តែរាក មួលធម្មតា គ្មានជំងឺឈឺថ្កាត់ធ្ងន់ធ្ងរនោះទេ។ បច្ចុប្បន្នលោក វណ្ណ មូលីវណ្ណ ស្ថាបត្យករដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាកំពុងស្នាក់នៅ គេហដ្ឋានរបស់លោក ស្ថិតនៅក្បែរស្ពាននាគ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ដោយសុខភាពធម្មតា មិនដូចការលើកឡើងនៅតាមបណ្តាញសង្គម Facebook នោះទេ។

លោក ជួង ឈឿនបានបញ្ជាក់យ៉ាងដូច្នោះថា «កាលពី២ថ្ងៃមុន លោកតា វណ្ណ មូលីវណ្ណ មានអាការៈរាកមួល បានបញ្ចូលទៅមន្ទីរពេទ្យ តែអាការៈរាកនេះ ក៏បានធូរស្រាលវិញ ក្រោយពីមានការព្យាបាល។ អាលូវនេះ លោកតា បានជាសះស្បើយ ហើយត្រលប់មកគេហដ្ឋាន នៅខេត្តសៀមរាបវិញហើយ គ្មានអ្វីគួរឲ្យបារម្ភនោះទេ។ លោកតា វណ្ណ មូលីវណ្ណ បច្ចុប្បន្ននេះគឺមានអាយុ ៩០ឆ្នាំហើយ»

ការអះអាងរបស់ លោក ជួង ឈឿន អ្នកជំនិតរបស់លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករដ៏ល្បីល្បាញក្នុប្រទេសកម្ពុជានៅពេលនេះ គឺក្រោយពីមានព័ត៌មានតាមបណ្តាញ សង្គម Facebook ផ្សព្វផ្សាយឲ្យដឹងថា លោក វណ្ណ មូលីវណ្ណ ឈឺជាទម្ងន់ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា លោក វណ្ណ មូលី​វណ្ណ កើត​នៅ​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ​១៩២៦ ស្រុក​រាម ខេត្តកំពត។ ស្នាដៃ​សំខាន់​ៗ​របស់​លោក​ មាន​សាលសន្និសីទ​ចតុមុខ អាគារ​គណៈរដ្ឋ មន្ត្រី​និង​វិមាន​ឯករាជ្យ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ដែរ​។ ក្រៅពីនោះ លោក វណ្ណ មូលី​វណ្ណ បាន​រចនា​សំណង់​កីឡដ្ឋាន​ជាតិ​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស ៦០០០០នាក់ ដោយគេ​ឲ្យ​តម្លៃ​ជាងគេ​បំផុត​នៅ​ទូ​ទាំង​អាស៊ី​គ្នេ​យ៍​។ កីឡដ្ឋាន​ត្រូវ​បាន​សាងសង​ទៅ​ដល់ មាត្រដ្ឋាន ​អូ​ឡាំ​ពិ​ក គឺ​នៅ​តែ​ជា​កន្លែង​ជួបជុំ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​៕