(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការ ដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំនិងអនុវត្ដយ៉ាងខ្ជាប់ខ្ជួនក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។

ក្នុងឆ្នាំ២០២២ ក៏ដូចជាឆ្នាំកន្លងៗមក កាកបាទក្រហមកម្ពុជា តែងតែប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ខិតខំសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ដ្រ ក្នុងវិស័យស្នូលទាំង៤ រួមមាន៖ ការចូលរួមចំណែកសង្គ្រោះជីវិត កសាងភាពធន់ទៅនឹងគ្រោះមហន្ដរាយដោយធម្មជាតិ និងមនុស្សបង្កើតឡើង, ចូលរួមចំណែកការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារជំងឺឆ្លងៗផ្សេង និងអន្ដរាគមន៍សុខភាពគ្រាអាសន្ន, ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៍ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សា និងការពង្រឹងការរក្សាកិត្ដិនាមកាកបាទក្រហមកម្ពុជា ជាសមាគមជាតិមានដំណើរការល្អ ក្នុងការសម្រាលទុក្ខលំបាករបស់ ប្រជាពលរដ្ឋងាយរងគ្រោះ នៅគ្រប់ទីកន្លែង និងរហ័សទាន់ចិត្ដ។

ជាក់ស្តែងដើម្បីរួមចំណែកជួយស្តារជីវភាពពលរដ្ឋ រងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម និងចូលរួមជាមួយទិវាជាតិយល់ដឹងពីមីន ២៤កុម្ភៈ ក៏ដូចជា ការជួយ ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយសារមីន នៅតាមតំបន់ដែលងាយ រងគ្រោះថ្នាក់ កាកបាទក្រហមកម្ពុជាតែងតែបានធ្វើសកម្មភាព ចុះអប់រំផ្សព្វផ្សាយ ពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងបានបង្កើត ជាកម្មវិធីសុវត្ថិភាពសហគម ដែលគិតចាប់តាំងពីឆ្នាំ២០០១មក មានរយៈពេល ជាង២០ឆ្នាំមកហើយ នៅតាមគោលដៅខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា៖ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារជាដើម។

ក្នុងនោះកាកបាទក្រហមកម្ពុជា ក៏បានជ្រើសរើសអ្នកស្ម័គ្រចិត្តតាមសហគមន៍គោលដៅចំនួន ៧៥០នាក់ និងយុវជនកាកបាទក្រហម ចំនួន ១០៥០នាក់ ដើម្បីធ្វើការ បណ្តុះបណ្តាលការយល់ដឹងអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយមកដល់បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ ២.១២៣.៩៥៦នាក់ហើយ បានចូលរួមយល់ដឹងអំពីការ រងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ នេះបើតាមការបញ្ជាក់របស់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា។

លោក យូ ឡាណា បានបន្តថា ដើម្បីឆ្លើយតបទៅនឹងលទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម (ICRC) បានសហការ ជាមួយ កាកបាទក្រហមអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដោយបានរកឃើញនូវគន្លឹះផ្សេងៗ ដែលបានបញ្ជាក់ពីតម្រូវការជាក់ស្ដែង របស់សហគមន៍ងាយរងគ្រោះដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកាកបាទក្រហមកម្ពុជា បានរួមចំណែកធ្វើឱ្យតំបន់ដែលធ្លាប់ជាចំការមីន ក្លាយទៅជាតំបន់កសិ-ឧស្សាហកម្ម និងជាចំណែកមួយ ធ្វើឱ្យអាត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានធ្លាក់ចុះគួរឱ្យកត់សំគាល់។ ជាក់ស្តែងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានបង្ហាញថាចំនួនជនរងគ្រោះបាន ថយចុះពី៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងទៅ។

លោក យូ ឡាណា បានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» កាកបាទក្រហមកម្ពុជា ក៏បានដាក់បញ្ចូល ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅក្នុងផែនការយុទ្ធសាស្ត្រ ២០២១ ២០៣០ ដើម្បីរួមចំណែកក្នុងការ កាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ អវិជ្ជមាន ដោយសារគ្រឿងផ្ទុះ ក្នុងការងារផ្សេងៗរបស់សាខាទាំង២៥រាជធានីខេត្តផងដែរ។

ជាមួយនឹងការរួមចំណែកជួយស្តារជីវភាពពលរដ្ឋ រងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម របស់កាកបាទក្រហមកម្ពុជា ក៏មានប្រជាពលរដ្ឋរងគ្រោះជាច្រើន បានបង្ហាញភាពសប្បាយរីករាយ ក្រោយពីទទួលបានកម្ចីឥតការប្រាក់របស់កាកបាទក្រហមកម្ពុជា ដើម្បីយកមកពង្រីកមុខរបររបស់ពួកគាត់ ដោយមិនចាំបាច់ពឹងលើការ ចងការ ប្រាក់ពីអ្នកដ៏ទៃទៀត និងបានជួយឱ្យជីវភាពរបស់ពួកគាត់ កាន់តែល្អប្រសើរឡើងថែមទៀតផង៕

សូមអញ្ជើញទស្សនាបទយកការណ៍ទាំងស្រុងដូចតទៅ៖