(ភ្នំពេញ)៖ ជនសង្ស័យជាមុខសញ្ញាចោរកម្ម និងទទួលផលចោរកម្មចំនួន៥នាក់ ដែលតែងតែធ្វើសកម្មភាពវាយយក លុយទូរស័ព្ទ រួមទាំងសម្ភារផ្សេងៗ តាមសាលារៀនហើយ យកទៅលក់ដោយសម្ងាត់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ និងប្រជាការពារ ស្រាវជ្រាវ ដេញតាមប្រម៉ាញ់ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីជនត្រូវសង្ស័យ៥នាក់នោះ បានគំរាមយកទូរស័ព្ទដៃ និងថវិកាពីក្មេងប្រុសម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ ត្រង់ចំណុចទល់មុខវិទ្យាល័យឫស្សីកែវ តាមបណ្ដោយផ្លូវជាតិ លេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក តូច គឹមសុង នាយប៉ុស្ដិ៍ឫស្សីកែវ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ាច វិសាល អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាឫស្សីកែវ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដាយ ផ្លូវសាលាដែក ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ចំណែកជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពវាយ ឫគំរាមយកលុយទូរស័ព្ទរួមទាំងសម្ភារផ្សេងៗតាមផ្ទះសាលារៀន ទី១ឈ្មោះអៀម ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ទី២ឈ្មោះ វ៉ាន់ ជីវ័ន្ដ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះ សុ ពី ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្ស័យទាំង៣នាក់នេះ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ចំនែជនសង្ស័យទី៤ឈ្មោះ សុខ ស៊ីថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុលក់មីឆា មានទីលំនៅក្រោយស្ថានីយ៍ទូរទស្សន៍ CTN ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងទី៥ឈ្មោះ តុង លីថេ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកទទួលផលចោរកម្ម ស្នាក់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោកបានបន្ដថា មុនពេលកើតហេតុ ក្មេងរងគ្រោះកំពុងអង្គុយលេងនៅក្នុងសាលាបឋមសិក្សាឫស្សីកែវ ក៏ស្រាប់តែលេចមុខជនត្រូវ សង្ស័យទាំង៤នាក់ មកធ្វើសកម្មភាពច្របាច់ក ហើយគំរាមយកទូរស័ព្ទដៃម៉ាកអិនចុចពិល១គ្រឿង និងទឹកប្រាក់២ម៉ឺនរៀល រួចក៏រត់គេចខ្លួនបាត់ស្រមោល ខណៈនោះក្មេងប្រុសរងគ្រោះបានរត់ឆ្លេឆ្លាមកប្រាប់ឪពុកម្ដាយ និងប្ដឹងនគរបាលប៉ុស្ដិ៍ឫស្សីកែវ។
បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងរបស់លោកក៏ និងប្រជាការពារខណ្ឌ បានចេញប្រតិបត្តិការ ស្រាវជ្រាវរកឃើញ ឃាត់ខ្លួនភ្លាមៗ ទាំង៥នាក់តែម្ដងរួមជាមួយវត្ថុតាង។ បច្ចប្បន្នជនសង្ស័យទាំង៥ ត្រូវបានបញ្ជូនខ្លូនទៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕