Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់យុទ្ធជនរងគ្រោះដោយផ្ទុះមីនដាច់ជើងម្ខាង នៅព្រះវិហារ

02-05-2016 16:29

(ព្រះវិហារ)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនលោក លី លូន អាយុ៣៦ឆ្នាំ ឋានៈជានាយចំណង់ បម្រើការងារនៅផ្នែកសឹករង ស្រុកជាំក្សាន្ត នៃតំបន់ប្រតិបតិ្តការសឹករង ខេត្តព្រះវិហារ ដែលបានរងគ្រោះដោយសារផ្ទុះមីន ដាច់ជើងឆ្វេ ខណៈពេលដើរល្បាតតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះវិហារ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកវេជ្ជបណ្ឌិត សុខ ឡុង បានផ្តាំផ្ញើនូវប្រសាសន៍សួរសុខទុក្ខ ក្ដីអាណិតអាសូរ និងការសោកស្តាយពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងចំពោះយុទ្ធជន ក្នុងការបូជាកម្លាំងកាយ-ចិត្ត អង់អាចក្លាហាន តស៊ូ ការពារបូរណភាពទឹកដីនៃកម្ពុជា ដោយមិនឱ្យបច្ចាមិត្តទាំងឡាយណា មកឈ្លានពានបានឡើយ។

ជាសក្ខីភាពនៃគុណបំណាច់ របស់យុទ្ធជនក្នុងការការពារទឹកដី ហើយបានរងគ្រោះថ្នាក់ ដោយសារគ្រាប់មីនដ៏គួរឱ្យសង្វែគនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកវេជ្ជបណ្ឌិត សុខ ឡុង បានផ្តល់អំណោយឧបត្ថម្ភជូនដល់លោក លី លូន រួមមាន៖ មី៣កេស ត្រីខ ៣០កំប៉ុង ទឹកដោះគោឆៅ២ឡូ ស្ករសរ ២គីឡូក្រាម មុង៣ ភួយ៣ សារុង៣ ក្រមា៣ និងថវិកាមួយចំនួនផងដែរ និងសូមជូនពរឲ្យបានឆាប់ជាសះស្បើយពីជំងឺ។

ជាកិច្ចតបស្នងចំពោះអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យុទ្ធជន លី លូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងផលលំបាករបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយទឹកចិត្តមនុស្សធម៌ពិតៗ និងឥតលំអៀង ជាពិសេសចំពោះយុទ្ធជន ដូចជារូបលោកផ្ទាល់។

សូមរំឮកផងដែរថា លោក លី លូន បានទទួលអំណោយឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម្តងរួចមកហើយកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ តាមរយៈលោក អ៊ុំ ម៉ារ៉ា ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត និងសហការី បានបន្តចុះសួរសុខទុក្ខអ្នកជំងឺ៨នាក់ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅបន្ទប់ក្បែរនោះ និងបានផ្តល់អំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពួកគាត់ ដែលក្នុងម្នាក់ៗទទួលបាន៖ មី ១កេស ត្រីខ ១០កំប៉ុង ទឹកដោះគោខាប់ ៤កំប៉ុង ស្ករសរ ១គ.ក្រ និងថវិកាមួយចំនួន៕