(ស្វាយរៀង)៖ លោកសរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀង ចុះជួយសង្កាត់ស្វាយតឿ បានថ្លែងថា គ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់បញ្ហា របស់បងប្អូនប្រជាពលរដ្ឋ គឺយើងខ្ញុំនៅគៀកកឹតជានិច្ច ដើម្បីដោះស្រាយជូនបងប្អូន ដោយភាពទទួលខុសត្រូវខ្ពស់បំផុត នេះជាគោលជំហ៊រ គោលការណ៍ គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។

ការថ្លែងបែបនេះ របស់លោក សរ សុដានី បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយតឿ ដោយមានការចូលរួមពីលោក ហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់ស្វាយតឿ និងប្រធានគណបក្សសង្កាត់ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សាខាបក្សភូមិ-សង្កាត់ជាច្រើនរូបផងដែរ។

លោក សរ សុដានី បានបន្តថា យុវជនជំនាន់ក្រោយ សូមពិនិត្យពិចារណា ឲ្យបានច្បាស់លាស់រាល់ព័ត៌មាន បំភ្លៃរបស់ជនអគតិមួយចំនួន ដែលមានចេតនា ចង់បំផ្លិចបំផ្លាញគោលនយោបាយគណបក្សប្រជាជន ពិសេសសមិទ្ធផលស្នាដៃរបស់គណបក្សប្រជាជន។

លោក សរ សុដានី ក៏បានលើកទឹកចិត្តជំរុញ ឲ្យយុវជនជាអ្នកគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវ របស់មន្ត្រីគណបក្សប្រជាជន សូមឲ្យមានការជឿជាក់លើ ភាពដឹកនាំឈ្លាសវៃ និងសូមឲ្យយុវជនទាំងអស់ ហ៊ានបញ្ចេញមតិការពារភាព ត្រឹមត្រូវ របស់គណបក្សប្រជាជន សូមកុំឲ្យចាញ់បោក លួងលោម បោកបញ្ឆោតរបស់អ្នកនយោបាយ មួយចំនួននិងសូមឲ្យយុវជន ជំនាន់ក្រោយដែលជា សសរ ទ្រូងរបស់គណបក្សយើងបន្តផ្សព្វផ្សាយ ពីគោលនយោបាយជាក់លាក់ អំពីសមិទ្ធិផល ទាំងឡាយរបស់ថ្នាក់ដឹកនាំ ដែលប្រឹងប្រែងខំកសាងឡើងរហូតដល់សព្វថ្ងៃនេះ។

លោកបន្ថែមថា ពិសេសសូមបន្តអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួននិងបន្ត ក្នុងការផ្សព្វផ្សាយ និងការជម្រុញការ ចាក់វ៉ាក់សាំង ដល់កុមារនៅតាម ទីតាំងដែលបានកំណត់ ពីអាយុ៣-៥ឆ្នាំ និងការចាក់ដូសជំរុញសម្រាប់កុមារដែល មានអាយុចាប់ពី ៦-១២ឆ្នាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ផងដែរ៕