(ព្រះវិហារ)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលសាងសង់អស់ថវិកាចំនួន ១១៥.៤០៩០០០រៀល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។

លោក មាស សុភា បានថ្លែងលើកឡើងទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ភោធដាក់ឲ្យប្រើប្រាស់នេះ គឺបានកើតឡើងដោយការប្តេជ្ញាចិត្តរបស់គណបក្សខេត្ត គណបក្សស្រុកគូលែន គណបក្សឃុំ ក៏ដូចជាក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមកាងារខេត្តចុះជួយស្រុក ឃុំ ក្រោមសិល្បៈនៃការចែករំលែក ដែលជាប្រពៃណីដែលយើង មានតាំងពីយូរលង់មកហើយ។

លោកថា ការកសាងស្នាក់ការស្អាតនេះ មានន័យថា «គណបក្សប្រជាជនកម្ពុជានៅដឹកនាំយូរងង្វែង» មិនទៅចោលប្រជាជនទេ។ ហើយមកដល់ពេលនេះ គណបក្សមួយចំនួន មិនទាន់មានស្នាក់ការធ្វើការត្រឹមត្រូវដូចយើងទេ ពោលគឺនៅធ្វើការតាមផ្ទះនៅឡើយ។

លោកក៏ថ្លែងនូវការកោតសរសើរនូវស្មារតីទទួលខុសត្រូវ របស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ ដែលបានរួមគ្នាធ្វើឲ្យសមិទ្ធផលនេះកើតឡើង។

ជាមួយនឹងអគារស្នាក់ការគណបក្សបានសាងសង់រួចយ៉ាងស្អាតបែបនេះ លោក មាស សុភា ក៏សំណូមពរឲ្យមានអ្នកធ្វើការ ជាប្រចាំ និងត្រូវជួយថែរក្សាឲ្យបានស្អាត។

ជាមួយគ្នានេះ ត្រូវប្តេជ្ញាការពារសុខសន្តិភាព ប្រឆាំងអ្នកបង្កើតបដិវត្តពណ៍ ដែលមានបំណងបំផ្លាញសុខសន្តិភាព ដែលយើងខំដណ្តើមបានទាំងលំបាក។ ត្រូវបន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលកើតចេញពី គណបក្សប្រជាជន ត្រូវគាំទ្រនូវអភិក្រមទាំង៥ដើម្បីធ្វើឲ្យគណបក្សកាន់តែរឹងមាំ គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រៀមលក្ខណៈការបោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ដោយឡែកលោក សួស សុខដារ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកគូលែន បានថ្លែងឲ្យដឹងថា អគារស្នាក់ការគណបក្សឃុំស្រយង់ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ គឺបានកសាងឡើង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ និងបានបញ្ចប់ជាស្ថាពរ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុប១១៥.៤០៩០០០រៀល។

លោកបញ្ជាក់ទៀតថា ដីអតីតស្នាក់ការគណបក្សឃុំស្រយង់នេះ កន្លងមកអតីតប្រធានក្រុមការងារចាស់ បានធ្វើហើយ តែសំណង់មានភាពចាស់ទ្រុឌទ្រោម ដោយធ្វើអំពីឈើប្រក់ស័ង្គសី។

លោកប្រធានក្រុមការងារខេត្ត បានបន្តទៀតថា ប្រវត្តិដីស្នាក់ការគណបក្សឃុំស្រយង់នេះ អតីតជាដីរបស់លោក ខេង សុមេធ ហើយមុននឹងសាងសង់សំណង់អគារគណបក្សធ្វើអំពីថ្មនេះ គឺលោកបានស្នើសុំ ហើយលោក ខេង សុមេធ ក៏បានអនុញ្ញាត លោកក៏បានរៀបចំធ្វើជាប្លង់មានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន ព្រោះកន្លងមកដីនេះអត់មានប្លង់ ចឹងដើម្បីឲ្យមានសុវត្ថិភាពលើសំណង់សម្រាប់អ្នកជំនាន់ក្រោយ លោកបានធ្វើប្លង់ត្រឹមត្រូវចេញដោយអាជ្ញាធរ ដើម្បីទុកជាសម្បត្តិរបស់គណបក្ស៕