(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង៥ គីឡូក្រាម នៅរាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងកាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៦៖៣០នាទី កម្លាំងជំនាញនៃមន្ទីរ ប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ 450 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

លទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Su Yunshi ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិចិន។

ចាប់យកវត្ថុតាង មេតំហ្វេតាមីន (WY) ទម្ងន់២ គីឡូក្រាម៦៦៦ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់២គីឡូក្រាម ៦៥១.៥១ក្រាម។ កេតាមីន(KETAMIN) ទម្ងន់ ២១៩.៣៥ក្រាម, នីមេតាហ្សេប៉ាម(4CEC) ទម្ងន់ ៣៥.៦៤ ក្រាម។
សរុប សារធាតុញៀន ទម្ងន់សុទ្ធ ៥ គីឡូក្រាម ៥៧២.៥០ក្រាម កញ្ឆាក្រៀម ៤គីឡូក្រាម ៥៤២ក្រាម សារធាតុផ្សំ១៣ គីឡូក្រាម និងឧបករណ៍កែច្នៃមួយចំនួនធំ ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕