(ភ្នំពេញ)៖ វិស័យកាត់ដេរ និងស្បែរជើង ជាប្រភពចំណូលដ៏ធំជាងគេ សម្រាប់ប្រទេសកម្ពុជា ដោយនៅត្រីមាសទី១ ដើមឆ្នាំ២០១៦នេះ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង បានកើនឡើង ១៣ភាគរយ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ ដកស្រង់របាយការណ៍ របស់ក្រសួងសិប្បកម្ម និងឧស្សាហ៍កម្ម ចេញផ្សាយនៅថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០១៦។
នៅក្នុងរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងស្បែកជើង គិតជាទឹកប្រាក់សរុប១.៥៥ពាន់លានដុល្លារអាមេរិក កើនឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានត្រឹមតែ ១.៣៧ពាន់លានដុល្លារអាមេរិក។
ទីផ្សារធំដែលកម្ពុជា នាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង រួមមានទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។
វិស័យកាត់ដេរ និងស្បែរជើង បានដើរតួយ៉ាងសំខាន់ ក្នុងការបង្កើនប្រាក់ចំណូលចូលរដ្ឋ ។ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ស្មើងនឹង៨០ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានរោងចក្រកាត់ដេរ ជា១ពាន់រោងចក្រ និងមានកម្មករបម្រើការងារចំនួន ៧៥ម៉ឺននាក់ ដោយក្នុងនោះប្រាក់ខែគោល១៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករម្នាក់៕