(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសរក្សានូវគោលការលក់ថ្នាំព្យាបាលកូវីដ១៩ ម៉ូលណាទ្រីស (Molnupiravir Capsules 200mg) នៅដូចដើមសិន ដោយអនុញ្ញាតឲ្យបុគ្គលម្នាក់ អាចស្នើសុំទិញ ពី១ប្រអប់ដល់២ប្រអប់។

ចំណែកឯការចែកចាយឱសថ Molnupiravir នេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ត្រូវបានពន្យារសិនរហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្រេចរក្សាគោលការណ៍លក់ថ្នាំព្យាបាលកូវីដ១៩នេះ ដោយសារមានការពន្យារពេលជើងហោះហើរ ដែលដឹកជញ្ជូនឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) មកកាន់កម្ពុជា។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា ចាប់ពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថព្យាបាលកូវីដ១៩ ម៉ូលណាទ្រីស (Molnupiravir) ពី ១ ប្រអប់ដល់៥ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញពី១ប្រអប់ដល់៥០ ប្រអប់។ ប៉ុន្តែពេលនេះ ដោយសារបញ្ហាពន្យារពេលជើងហោះហើរគោលការណ៍ថ្មីនេះ ត្រូវពន្យារពេលរហូតដល់មានការជួនដំណឹងជាថ្មី៕