(ពោធិ៍សាត់)៖ លោក ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានប្រាប់ដល់ក្រុមជនបង្គោល ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវយកទៅផ្សព្វផ្សាយបន្ត ដល់សមាជិក សមាជិកាបក្ស ដើម្បីឱ្យបានជ្រូតជ្រាបពីច្បាប់នេះ ហើយត្រូវធ្វើសកម្មភាពនយោបាយឱ្យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ដែលបានចែង។

ការក្រើនរំលឹករបស់លោក ជាវ តាយ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់ក្រុមជនបង្គោលខេត្ត ក្រុង ស្រុក របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែកុម្ភៈ បានបើកការបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជូនដល់ក្រុមជនបង្គោលចំនួន ៩៧នាក់។ លោក ជាវ តាយ បានគូសបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលនេះ ដើម្បីបញ្ច្រៀបការយល់ដឹងពាក់ព័ន្ធច្បាប់ បទបញ្ជា និងនីតិវិធីទាំងឡាយពាក់ព័ន្ធការបោះឆ្នោត ជូនដល់សមាជិក សមាជិកា។

លោក ជាវ តាយ បានអះអាងថា តាមរយៈការបណ្តុះបណ្តាលនេះ គឺបានស្តែងឱ្យឃើញនូវស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការគោរពច្បាប់ និងនីតិវិធីទាំងឡាយពាក់ព័ន្ធដំណើរការបោះឆ្នោតនៅកម្ពុជា។ លោកបន្តថា ការគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងនីតិវិធីទាំងឡាយលើការបោះឆ្នោត នឹងធ្វើឱ្យលទ្ធផលកើតចេញពីការបោះឆ្នោតធ្វើឱ្យប្រជាពលរដ្ឋអាចទទួលយកបានគ្រប់គ្នា។

លោក ជាវ តាយ បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលបានមកពីការសិក្សាក្នុងវគ្គនេះ ទៅបណ្តុះបណ្តាលបន្ត ដល់ភ្នាក់ងារគណបក្សតាមបណ្ដាក្រុងស្រុក រៀងៗខ្លួន។ លោក ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ ត្រូវធ្វើសកម្មភាពនយោបាយឱ្យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីស្តីពីការបោះឆ្នោត ដើម្បីចៀសវាងការតិះទៀន និងទណ្ឌកម្មដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោត៕