(តាកែវ)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននាំយកនូវសៀវភៅ ដែលមានចំណងជើងថា «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» និងកង់ចំនួន ២០គ្រឿង ប្រគល់ជូនប្រធានក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ប្រចាំខេត្តតាកែវ និងជាប្រធាន ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកត្រាំកក់ ដើម្បីទុកចែកចែកជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាត។

លោក មែ ស៊ីថុន បានឱ្យដឹងថា កង់ចំនួន ២០គ្រឿងនេះ គឺបានទទួលពីក្រុមហ៊ុនសប្បុរសជន និងកម្លាំងសាមគ្គីពីសមាជិកសមាជិកាសមាគម និងសៀវភៅដែល មានចំណងជើងថា «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» គឺបានទទួលការឧបត្ថម្ភពីលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអ្នកនិពន្ធសៀវភៅ នេះផ្ទាល់ផងដែរ។

លោក មែ ស៊ីថុន បានបន្ថែមថា កង់ទាំង ២០គ្រឿងនេះ គឺទុកសម្រាប់ចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតជាពិសេសកំពុងជួបការលំបាក ក្នុងការធ្វើ ដំណើរទៅសាលារៀន។ ដោយឡែកសៀវភៅដែលមានចំណងជើងថា «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» គឺផ្តោតលើកិច្ចដំណើរការនៃការចរចាស្វែងរកសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលសម្តេចតេជោ បានលះបង់អស់ពីកម្លាំងកាយចិត្ត និងពលីដើម្បីសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា។ ការចែករំលែក នៅពេលនេះ គឺដើម្បីឲ្យយុវជនជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ និងឈ្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន កុំឲ្យមានជនអគតិមួយក្តាប់តូចមកបំភ្លៃប្រវត្តិសាស្ត្រ ដើម្បីកេងចំណេញនយោបាយរបស់ពួកគេ។

ជាមួយគ្នានោះដែរ លោក អ៊ុត សំនិត ប្រធានក្រុមការងារសមាគមប្រចាំខេត្តតាកែវ និងជាប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកត្រាំកក់ ក៏បាន ថ្លែងអំណរគុណចំពោះក្រុមហ៊ុនសប្បុរសជន សមាជិកសមាជិកាសមាគម ដែលបានផ្តល់អំណោយជាកង់ និងសៀវភៅប្រវត្តិសាស្ត្រ «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» ដើម្បីទុកចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតផងដែរ៕