(ស្វាយរៀង)៖ លោក ជុក មុន្នី អនុប្រធានទី១ គណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង បានជំរុញឱ្យធ្វើចលនាកៀរគរយុវជនចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្របតាមគោលនយោបាយបក្ស «ពង្រឹងចាស់ ពង្រីកថ្មី» ឆ្ពោះទៅរកការទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២នេះ។

ការថ្លែងជំរុញរបស់លោក ជុក មុន្នី បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកបក្សថ្មី នៅក្នុងសង្កាត់ស្វាយរៀង ១០១នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងពិធីនោះ មានការចូលរួមពីលោកបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារ ចុះជួយសង្កាត់ស្វាយរៀង និងលោក លោកស្រី ជាក្រុមការងារជាច្រើនរូបផ្សេងទៀត។

លោក ជុក មុន្នី បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលសម្តេចតេជោ និងលោកស្រី តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្ស នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង។

លោក ជុក មុន្នី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន ១០១នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកចាត់ទុកការចូលរួមនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។

លោកបានបន្ដថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់។ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ»

លោកបានបន្តថា «ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា របស់ក្មួយៗនាពេលនេះ គឺជាការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ»

លោក ជុក មុន្នី បានលើកឡើងដែរថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច។

លោកអនុប្រធានក្រុមការងាររូបនេះ ក៏បានជំរុញលើកទឹកចិត្ត ដល់យុវជនជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ជឿជាក់ និងគោរពស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយត្រូវចូលរួមថែរក្សាសមិទ្ធិផលនានា ដែលគណបក្សប្រជាជនខិតខំប្រឹងប្រែងកសាងដើម្បីជំរុញខឿនសេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការអភិវឌ្ឍនៅខេត្តស្វាយរៀង ក៏ដូចជាក្រុងស្វាយរៀង ដោយមានរោងចក្រសហគ្រាសជាច្រើន ជាពិសេសរោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ដែលអាចស្រូបយកកម្មករ កម្មាការិនី មកបម្រើការងាររាប់ម៉ឺននាក់ ដោយមិនចាំបាច់ចំណាកស្រុកនោះទេ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត កែរ រដ្ឋា ក៏បានឧបត្ថម្ភថវិកាមួយចំនួន និងអាវគណបក្សដល់ក្រុមប្រឹក្សាសង្កាត់ និងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីផងដែរ៕