(កោះកុង)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជាកញ្ចប់អាហារជូនប្រជាពលរដ្ឋ ចំនួន៤២០ គ្រួសារ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

កម្មវិធីក៏មានការចូលរួមលោក លោកស្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលស្ដីទីក្រុងខេមរភូមិន្ទ តំណាងអីមាំខេត្ត តំណាងមន្ទីរការងារ តំណាងមន្ទីរធម្មការ គណៈចលនាឥស្លាម និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសនៃការសំណេះសំណាលខាងលើ លោក រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ។

លោកបានថ្លែងអំណរគុណដល់តំណាង អង្គការ Rahma internasional Society ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយជំងឺកូវីដ ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

លោក រ៉ូហ្វី អូស្មាន បានលើកឡើងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសហគមន៍ឥស្លាមកម្ពុជា និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលក្នុងពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាល អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្តម្នាក់ ដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាមរស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

លោកបានបន្តលើកឡើងថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីទទួលបាននូវម្លប់សុខ សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិបន្ថែមទៀត លោកបានកើនរំលឹកដល់ប្រជាពលរដ្ឋឲ្យបន្តធ្វើយ៉ាងណាត្រូវចេះការពារខ្លួន ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។

គួរជម្រាបថា អំណោយដែលទទួលបានពីអង្គការ Rahma internasional Society សម្រាប់ខេត្តកោះកុង មានចំនួន ៤២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ស្ករស៥គីឡូក្រាម និងត្រីខ១យួរ។ ចុងបញ្ចប់នៃពិធីខាងលើ លោក រ៉ូហ្វី អូស្មាន ក៏បានផ្តល់ថវិកាមួយចំនួនជូន យុវជន សមយក ខេត្តកោះកុង និងប្រជាការពារភូមិ មួយចំនួនផងដែរ៕