(ព្រៃវែង)៖ លោក ហ៉ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកំពង់ផែស្វ័យតរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារ ចុះមូលដ្ឋានស្រុកព្រះស្តេច រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានដាក់គ្រឿងចក្រកែលំអរ និងជួសជុលផ្លូវមួយខែ្សប្រវែង ១២គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផល។ ផ្លូវមួយខ្សែនេះឆ្លងកាត់ឃុំចំនួន៣ រួមមាន៖ ឃុំរំចេក ឃុំជៃកំពក និងឃុំអង្គរាជ.
លោក ហ៉ឺ បាវី បានថ្លែងថា ការសាងសង់ផ្លូវនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងជំរុញឱ្យមន្ត្រី អាជ្ញាធរមូលដ្ឋាន ចុះជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ជួយសម្រួលទុក្ខលំបាកប្រជាពលរដ្ឋ ដោយរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ ប្រែក្លាយពីផ្លូវលំ ទៅផ្លូវក្រាលគ្រួសក្រហម ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋងាយស្រួលក្នុងដឹកជញ្ជូនកសិផលកសិកម្មរបស់ពួកគាត់ទៅកាន់ទីផ្សារ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែទាំផ្លូវមួយខ្សែនេះ ឱ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់ ដែលបង្កឲ្យខូចផ្លូវនោះទេ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ រាល់ពេលធ្វើដំណើរម្តងៗផងដែរ៕