(ភ្នំពេញ)៖ មុខសញ្ញាចោរកម្មម្នាក់ ត្រូវបានជនរងគ្រោះប្ដឹង នគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពគាស់ផ្ទះ លួចគ្រឿងអលង្ការ ទូរស័ព្ទដៃ និងថវិកាមួយចំនួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣៖៤០នាទី ទាបភ្លឺថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះលេខ៧៧ តាមបណ្ដោយផ្លូវរថភ្លើង ក្រុម១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ជនត្រូវសង្ស័យពាក់ព័ន្ធអំពើចោរកម្មមានឈ្មោះ ទូច វីរះ អាយុ២៥ឆ្នាំ មានមុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ រីឯជនរងគ្រោះមានឈ្មោះ កៅ ស៊ីន ហៅមុំ ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបលក់បន្លែស្នាក់នៅផ្ទះ លេខ៧៧ ផ្លូវរថភ្លើង ក្រុម១០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ រូបគាត់បានដេកលង់លក់ ស្រាប់តែភ្ញាក់ដឹងខ្លួនឡើងដើម្បី រៀបចំទៅទិញ បន្លែលក់ ស្រាប់តែមើលទៅកាបូកលុយ បានបាត់អស់រលីង ទៅហើយខណៈនោះជនរងគ្រោះក៏បានស្រែកផ្អើលឆោរឡោនិងរក សមត្ថកិច្ច ប៉ុស្ដិ៍ទួលសង្កែ ដើម្បីដាក់ពាក្យបណ្ដឹងឲ្យជួយអន្តរាគមន៍ ស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា សម្ភារដែលបានបាត់ទៅរួមមាន ទូរស័ព្ទដៃ ម៉ាកអាយហ្វូនចំនួន២គ្រឿងនិងគ្រឿងអលង្ការ មួយចំនួន ព្រមទាំងថវិកាចំនួន៨០០$ផងដែរ។
ជនរងគ្រោះបានបន្តថា លុះព្រឹកឡើងរូបគាត់បានដាក់ការសង្ស័យទៅលើឈ្មោះ ទូច វីរះ ហៅជ្រូក ដែលជាមុខសញ្ញាលួចគាស់ទ្វារផ្ទះ ដោយ ជនរងគ្រោះបានដើររកប្រទះឃើញជនសង្ស័យនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ស្ថិតនៅផ្លូវលំក្រុម១៤ ភូមិផ្សារ តូច សង្កាត់ទួលសង្កែក៏ប្ដឹង សមត្ថកិច្ចប៉ុស្តិ៍ ឲ្យឃាត់ខ្លួនតែម្ដង។ ដោយឡែក ជនត្រូវជាប់សង្ស័យបានយកថវិកាដែលលួចបាន ដើរស៊ីចាយ និងលេងល្បែងចាញ់អស់បាត់ទៅហើយ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនត្រូវសង្ស័យបានបញ្ជូនមកឃុំខ្លួនសាកសួរបន្ថែមបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនបន្តទៅ អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម និតិវិធីច្បាប់៕