(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា សមាជិក សមាជិកាថ្មី ក្នុងនាមជាសមាជិកក្រុមគ្រួសារថ្មីរបស់គណបក្សប្រជាជនកម្ពុជាត្រូវធ្វើអំពើល្អ ទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ ការពារសន្តិភាព ជាពិសេសចូលរួមគាំទ្រអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ចូលរួមគោរពច្បាប់និងទប់ស្កាត់ជំងឺកូវីដ-១៩ និងចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩។

ការលើកឡើងរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីស្វាគមន៍ និងប្រកាសទទួលបញ្ជូលសមាជិក សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជា ចំនួន ១០៣០នាក់ មកពីឃុំ ដំរិល និង ឃុំ ទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលក្នុងនោះ សមាជិក សមាជិកាមកពីគណបក្សដទៃចំនួន ២៣៣នាក់ នាថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត លើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ដែលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា ទាំងអស់ប្រកាន់ខ្ជាប់នូវគុណធម៌ក្នុងខ្លួនតាមរយៈ៖

១៖ ការសាបព្រោះអំពើល្អដល់អ្នកដទៃ ទោះជាតិចក្តី ទោះជាច្រើនក្តី វាជាមូលដ្ឋានគ្រឹះនៃការនាំមកនូវសុភមង្គល ដល់សង្គមជាតិយើង។ ប្រសិនបើប្រជាពលរដ្ឋយើងម្នាក់ អាចធ្វើអំពើល្អមួយក្នុងមួយថ្ងៃនោះ ប្រទេសកម្ពុជាយើង នឹងមានអំពើល្អ ប្រមាណ១៧លាន ស្នាមញញឹមទទួលបានអំពីអំពើល្អទាំងនោះ ហើយជាសេចក្តីប្រាថ្នារបស់ គណបក្សប្រជាជនកម្ពុជា។

២៖ ការប្រកាន់ខ្ជាប់នូវសច្ចធម៌ក្នុងខ្លួន ធ្វើការពិចារណា ធ្វើការថ្លឹងថ្លែងឲ្យបានត្រឹមត្រូវមុនសម្រេចចិត្ត វាយតម្លៃលើបញ្ហា អ្វីមួយ ព្រោះការវាយតម្លៃរបស់យើង មិនត្រឹមតែនឹងប៉ះពាល់ រូបយើងតែម្នាក់ទេ គឺអាចប៉ះពាល់ដល់ក្រុមគ្រួសាររបស់ ក្រុមគ្រួសារអ្នកដទៃ ឬសង្គមជាតិរបស់យើងក៏ថាបាន។

រឿននិទាន គុយទាវពីរចាន មានគុណលើសម្តាយបង្កើតខិតខំ ចិញ្ចឹម និងរឿងនិទាន សំនួរបីខ គឺចង់បញ្ជាក់ថា ការសន្យាបន្តិចបន្តួចមិនត្រូវ មើលរំលងគុណូបការៈរបស់មាតាបីតា ដែលបានជួយឲ្យយើងឆ្លងផុត អំពីការកាប់សម្លាប់ដោយសង្គ្រាម របបប្រល័យពូជសាសន៍ នាំមកនូវសុខ សន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ ការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ និងការនាំមកនូវកិត្តិយសជាបីតាសន្តិភាពមកឲ្យយើងគ្រប់រូបទេ ហើយក៏មិនត្រូវនាំមកនូវរឿងដែលមិនពិត រឿងដែលមិនល្អមកចែកចាយដល់អ្នកផ្ទះ សាលារៀន និងទីដទៃដែរ ព្រោះថា រឿងមិនពិត រឿងមិនល្អ គឺមិននាំមកនូវក្តីចម្រើនដល់ខ្លួន គ្រួសារ និងសង្គមទេ ផ្ទុយទៅវិញ គឺនាំមកនៅតែក្តីវិនាសប៉ុណ្ណោះ។

៣៖ បន្តចូលរួមទប់ស្កាត់ការជួញដូរ ចែកចាយ ប្រើប្រាសគ្រឿងញៀន ល្បែងស៊ីសង និង អំពើហិង្សា។

សូមបញ្ជាក់ផងដែរ ក្នុងឆ្នាំ២០២១ នេះគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ទទួលសមាជិកថ្មីសរុបចំនួន៤៤២៧នាក់ ក្នុងនោះសមាជិកថ្មីចំនួន២៤៣០នាក់ ជាសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕