(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ បន្ទាប់ពីមានការរិះគន់ រឿងដោះលែងទណ្ឌិតគ្រឿងញៀន ដែលក្រោយមកអតីតទណ្ឌិតនេះ បានក្លាយជាមេខ្លោងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ ក្នុងប្រតិបត្តិការបង្រ្កាបនៅទួលគោកកាលពីសប្តាហ៍មុន។
អតីតទណ្ឌិត លឹម គឹមតេង ដែលធ្លាប់ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ កាលពីឆ្នាំ២០១៣ តែទោសនេះ អនុវត្តក្នុងពន្ធនាគាររយៈពេល១ឆ្នាំ ទោសនៅសល់ត្រូវព្យូរធម្មតា ជាមួយនឹងការពិន័យជាប្រាក់ចំនួន៤លានរៀល ពីបទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
អតីតទណ្ឌិតនេះត្រូវបានដោះលែងទៅវិញ បន្ទាប់ពីជាប់គុកបានមួយឆ្នាំ ហើយក្រោយមកបានសមត្ថកិច្ចស៊ើបដឹងថា រូបគេបានក្លាយជាមេខ្លោង គ្រឿងញៀន នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលត្រូវបានបង្រ្កាបកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ បន្ទាប់ពីមានប្រតិបត្តិការបង្រ្កាបនេះ មជ្ឈដ្ឋានមួយចំនួនបានរិះគន់ចំ ពោះការដោះលែងជនគ្រឿងញៀននេះ ទើបបណ្តាលឱ្យរូបគេមិនរាងចាលហើយ ឈានដល់ការប្រព្រឹត្តល្មើសម្តងទៀត។
បើតាមសេចក្តីថ្លែងការណ៍ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបំភ្លឺថា តាមអំណាចសាលក្រមកាលពីឆ្នាំ២០១៣ បានបង្ហាញថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ជនជាប់ចោទឈ្មោះ លឹម គឹមតេង បានជួបជាមួយឈ្មោះ អាស្រម៉ូម និងជនមិនស្គាល់ឈ្មោះម្នាក់ទៀត នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ៤៧៦ ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីជក់គ្រឿងញៀន។ លុះដល់ម៉ោង១០៖៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ សមត្ថកិច្ចបានចុះឃាត់ខ្លួនឈ្មោះ លឹម គឹមតេង និងដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច មានបរិមាណសារធាតុសុទ្ធចំនួន ០,៧១ក្រាម រីឯឈ្មោះ អាស្រម៉ូម និងជនមិនស្គាល់ឈ្មោះ បានរត់គេចខ្លួន ។
ប្រភពខាងលើ បានបញ្ជាក់ថា យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការផ្តន្ទាទោសជនជាប់ចោទត្រូវគិត៥ តាមបរិមាណសារធាតុសុទ្ធនៃគ្រឿងញៀន ដែលដកហូតបានមកពីជនជាប់ចោទ។ សមត្ថកិច្ចបានដកហូតថ្នាំញៀនពីអតីតទណ្ឌិតឈ្មោះ លឹម គឹមតេង ដូចជាមានក្នុងសាលក្រមខាងលើ ហើយតំណាងអយ្យការ ដែលជាអ្នកអនុវត្តសេចក្តីសម្រេចជាស្ថាពររបស់តុលាការ បានចេញដីកាបង្គាប់ឱ្យដោះលែងទណ្ឌិតរូបនេះ ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀនដ៏ធំមួយ ស្ថិតនៅខាងត្បូងកាំកូស៊ីតធី តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ប្រតិបត្តិការដ៏កក្រើកនេះ បានធ្វើឱ្យក្រុមឈ្មួញគ្រឿងញៀន តដៃដោយបាញ់រះមកលើសមត្ថកិច្ច បណ្តាលឱ្យមន្រ្តីអាវុធហត្ថម្នាក់ បានស្លាប់បាត់បង់ជីវិត។ ទោះជាយ៉ាងណា លទ្ធផលចុងក្រោយ មេក្លោងជួញដូរគ្រឿងម្នាក់ ឈ្មោះ លឹម គឹមតេង ដែលជាអតីតទណ្ឌិតគ្រឿងញៀននោះ ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅនឹងកន្លែង ខណៈបក្ខពួករបស់គេ៥នាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាមួយនឹងការដកហូតកាំភ្លើងវែង-ខ្លី៦ដើម រឹបអូសរថយន្ត២គ្រឿង ម៉ូតូ៤គ្រឿងផងដែរ៕