(បន្ទាយមានជ័យ)៖ ដោយមើលឃើញពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងន់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលរស់នៅ និងទទួលផលពីទឹកស្ទឹងបូរី មង្គលបូរីនោះ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាប់រយនាក់ បើកយុទ្ធនាការ ចុះទៅស្តារ និងកើបសំរាមចេញពីស្ទឹងមង្គលបូរី ហើយធ្វើការផ្សព្វផ្សាយ នៃការទប់ស្កាត់ លើការចាក់សំរាមចូលតទៅថ្ងៃមុខផងដែរ។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលបានដឹកនាំកម្លាំងនគរបាលចំនួន១០០នាក់ ចុះទៅប្រមូលសំរាមចេញពីស្ទឹងមង្គលបូរី នាព្រឹកមិញនោះ បានថ្លែងប្រាប់អង្គភាព Fresh News ថា សម្រាប់យុទ្ធនាការនេះ ធ្វើឡើងដោយមានការចូលរួមពីកម្លាំងយោធាកងពលតូចលេខ៥១ ចំនួន១៣០នាក់ ដឹកនាំដោយមេបញ្ជាការរងម្នាក់ កម្លាំងអាវុធហត្ថមួយចំនួន ដឹកនាំដោយមេបញ្ជាការរងម្នាក់ ព្រមទាំងកម្លាំងអាជ្ញាធរ ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ស្ទឹងមង្គលបូរី ស្ថិតនៅស្រុកមង្គលបូរី ត្រូវបានប្រជាពលរដ្ឋ ចាក់សំរាមចូលតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងអ្នកខ្លះបានធ្វើបង្គន់អនាម័យចូលស្ទឹងផងដែរ។ បញ្ហាទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ជាពិសេសសម្រាប់អ្នកដែលរស់នៅផ្នែកខាងក្រោមដូចជា ឃុំគយមែង ឃុំសំបួរ និងឃុំព្រះនេត្រព្រះ ដែលបានយកទឹកទាំងនេះទៅប្រើប្រាស់ប្រចាំថ្ងៃ។

លោកស្នងការបានបញ្ជាក់ថា «ដោយមើលឃើញពីបញ្ហាមួយនេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យ បានណែនាំឲ្យថ្នាក់ដឹកនាំខេត្ត ត្រូវចុះដោះស្រាយជាបន្ទាន់ ហើយព្រមទាំងការជួយឧបត្ថម្ភប្រេងម៉ាស៊ីនចំនួន២ពាន់លីត្រ សម្រាប់ប្រើអេស្កាវ៉ាទ័រ ចុះស្តារសំរាមទាំងនោះផងដែរ»។ សម្រាប់យុទ្ធនាការនាព្រឹកមិញនេះ លោកស្នងការ អាត់ ខែម បានថ្លែងថា ទី១-យើងបានស្តារសំរាមចេញពីក្នុងស្ទឹង ទី២-យើងបានធ្វើការអប់រំប្រជាពលរដ្ឋបញ្ឈប់ការចោលសំរាម ចូលទៅក្នុងស្ទឹងតទៅទៀត និងទី៣-សម្រាប់ប្រជាពលរដ្ឋដែលធ្វើបង្គន់ ដាក់ចូលទៅក្នុងស្ទឹងនោះ ក៏ត្រូវបញ្ឈប់ផងដែរ៕