(ឧត្តរមានជយ័)៖ អភិបាលខេត្តឧត្តរមានជយ័ លោក ស ថាវី នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ រួមជាមួយប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត បានបន្តដឹកទឹកចែក ជូនប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ដែលកំពុងខ្វះទឹកប្រើប្រាស់។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខេត្តឧត្តរមានជ័យ បើទោះបីមានភ្លៀងធ្លាក់ខ្លះក៏ដោយ ក៏ការខ្វះខាតទឹកស្អាតប្រើប្រាស់នៅតែ កើតមានឡើងនៅតំបន់មួយចំនួនក្នុងខេត្ត ដែលករណីនេះអាជ្ញាធរខេត្តនៅតែបន្តដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋជាប្រចាំ។ នៅកន្លែងខ្លះទៀត អាជ្ញាធរ បានជីកស្រះ ស្តារប្រឡាយ និងជីកអណ្តូងទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅឆ្នាំក្រោយ។
កិច្ចខិតខំជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះអត់ទឹកប្រើប្រាស់នេះ ប្រជាពលរដ្ឋបានសម្តែងការសប្បាយចិត្ត និងថ្លែងអំណរគុណជ្រៀលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីសំណាក់ អាជ្ញាធរចំពោះប្រជាពលរដ្ឋ៕