(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជួបសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A និង B នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាស្រុកកំពង់ស្វាយ។
លោកស្រី ឃួន ឃុនឌី បានអបអរសាទរ និងចាត់ទុកថា ការខិតខំរៀនសូត្ររហូតប្រឡងជាប់ពិសេសរហូតទទួលបាននិទ្ទេស AនិងB នេះជាការជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃកូវីដ ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា។
ជាមួយគ្នានោះលោកស្រីបានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀតជាពិសេស ក្រេបជញ្ជក់យកចំណេះដឹងក្នុងអំឡុងពេលបន្តការសិក្សានៅថ្នាក់កម្រិតឧត្ដមដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹងនិងសមត្ថភាពនោះចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិឲ្យកាន់តែរីកចំរើនទ្វេឡើង។
ម៉្យាងទៀតការសិក្សាត្រូវផ្ដោតសំខាន់លើការស្រាវជ្រាវ ការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូតជាពិសេសត្រូវបង្កើនការសិក្សាភាសាបរទេសឱ្យបានច្រើនគឺសិក្សាពេញមួយជីវិត។
ជាមួយគ្នានេះដែរលោកស្រីបានបញ្ជាក់ថា បើគ្មានឥស្សរជនយុទ្ធជនបានតស៊ូរំដោះជាតិមាតិភូមិរហូតបានជោគជ័យ ហើយបានបន្តកសាងផង និងការពារផង ឈានដល់បានសន្តិភាពពេញលេញទេ និងគ្មានការអភិវឌ្ឍជាតិនោះឡើយ។ ម្យ៉ាងទៀតដោយសារគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងទើបឈានដល់មានការរីកចម្រើនដល់សព្វថ្ងៃនេះ ។
ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី និងក្រុមការងារបានផ្តល់នូវកុំព្យូរទ័រយួរដៃសិស្សជាប់និទ្ទេស A ចំនួន២នាក់ និងសិស្សជាប់និទ្ទេសBសារ៉ុង១ថវិកា២៥ម៉ឺនរៀល ចំនួន១០នាក់ និងលោកគ្រូអ្នកគ្រូ២៤នាក់ សារ៉ុង១ និងថវិកា២០ម៉ឺន ៕