(ភ្នំពេញ)៖ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានឧបត្ថម្ភជូនលោកតាលោកយាយងាយរងគ្រោះចំនួន៣០គ្រួសារ ដើម្បីដោះស្រាយនិងសម្រួលដល់ជីវភាព តាមរយៈលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ។

សកម្មភាពសមធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ជា ពិសី និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ក្នុងការនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងលោកតាលោកយាយងាយរងគ្រោះនេះបានរៀបចំធ្វើឡើងស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ជា ពិសី បានប្រាប់ឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅទីតាំងដែលរដ្ឋបាលសង្កាត់-ខណ្ឌ និងរាជធានីបានកំណត់ និងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមខណ្ឌនីមួយៗ និងនាំកូនៗ ដែលមានអាយុចាប់ពី៣ឆ្នាំដល់៥ឆ្នាំទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទ និងបច្ចុប្បន្នកំពុងបន្តចាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការរក្សាអនាម័យក្នុងការរស់នៅ និងត្រូវមានស្មារតីរឹងប៉ឹងក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ក្នុងនោះសម្រាប់ចាស់ជរា និងកុមារតូចៗ គួរមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុចុះត្រជាក់ និងចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោករូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តជាប់ជានិច្ចនូវសារផ្ដាំផ្ញើអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារជំងឺកូវីដ-១៩ (រស់នៅធម្មតាតាមបែបគន្លងថ្មី) និងការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ និង២ចូលរួម» រួមមាន៖ ៣កុំ. កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា និង៣ការពារ. លាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាត ដែលជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រៅពី២ចូលរួម គឺចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី-១៩ និងចូលរួមចាក់វាក់សាំងឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា សម្រាប់អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានលោក ជា ពិសី និងក្រុមការងារនាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងលោកតា-លោកយាយងាយរងគ្រោះទាំង៣០គ្រួសារ ក្នុង១គ្រួសារទទួលបានរួមមាន អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ជែលលាងដៃ១ដប ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន៣០,០០០រៀល៕