(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ចង់ឱ្យប្រជាពលរដ្ឋរួមគ្នាជាចង្កឹះមួយបាច់ ដើម្បីយកជ័យជម្នះពីការបោះឆ្នោតទៅប្តូរនឹងការអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ រោងចក្រ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។
លោកលើកឡើងបែបនេះក្នុងពិធីបុណ្យកតញ្ញូ និងជួបសំណេះសំណាលជាមួយលោកយាយលោកតាដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង ដែលរស់នៅក្នុងឃុំកណ្តៀង និងកោះជុំ ស្រុកកណ្ដៀង នៃខេត្តពោធិ៍សាត់ សរុបជិត១៥០០នាក់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
លោកបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំមកនេះ សមិទ្ធផលក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ក៏ដូចជាស្រុកដទៃទៀតនៃខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោក កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះ គឺជាការផ្តល់ឱកាសមួយឱ្យលោកយាយ លោកតាបានជួបសំណេះសំណាលជាមួយគ្នា និងប្រាស្រ័យទាក់ទងគ្នាក្នុងពិធីបុណ្យកតញ្ញូដឹងគុណចំពោះមនុស្សចាស់ ព្រោះថាមនុស្សចាស់នេះហើយជាបុព្វការីជនដែលបង្កើតឱ្យមាននូវធនធានដ៏មានប្រយោជន៍ ព្រមទាំងផ្តល់ឱ្យមនុស្សជំនាន់ក្រោយនូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ និងបទពិសោធន៍ពីមួយជំនាន់ទៅមួយជំនាន់។
លោកបានថ្លែងទៀតថា ភូមិសាស្ត្រស្រុកកណ្តៀងជាកន្លែងសង្គ្រាមប្រយុទ្ធគ្នាជាមួយខ្មែរក្រហម ប៉ុន្តែឥឡូវនេះយើងបានប្រែក្លាយពីកន្លែងអសន្តិសុខ មកជាកន្លែងសុវត្ថិភាព និងមានការអភិវឌ្ឍជាលំដាប់ ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹកស្អាត ភ្លើងអគ្គិសនី ទំនប់ធារាសាស្ត្រ ជាក់ស្តែងនាពេលខាងមុខ យើងនឹងត្រូវរៀបចំបឹងទន្លេអុំឱ្យមានកន្លែងអង្គុយលេងកម្សាន្ត មានកន្លែងហាត់ប្រាណ និងមានព្រះពុទ្ធរូបដ៏ធំជាងគេបង្អស់ ជាប្រវត្តិសាស្ត្រក្នុងខេត្តពោធិ៍សាត់។
លោកបញ្ជាក់ថា សមិទ្ធផលទាំងអស់នោះ គឺកើតឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយសន្តិភាពនេះបានមកពីសម្ដេចតេជោ ហ៊ុន សែន យកជីវិតទៅប្ដូរ ដោយបានសង្គ្រោះប្រទេសជាតិឱ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាមនៃរបបបនប្រល័យពូជសាសន៍ ពល ពត ហើយឥឡូវនេះបានសង្គ្រោះពីជំងឺកូវីដ១៩បន្ថែមទៀត។
ក្នុងកាលៈទេសៈជំងឺកូវីដ១៩សព្វថ្ងៃនេះ បើសម្ដេចមិនពុះពាររឿងវ៉ាក់សាំងទេ ម្ល៉េះការជួបជុំគ្នាថ្ងៃនេះ ប្រហែលជាមិនមែនជួបជុំ ដើម្បីសប្បាយនោះទេ គឺប្រហែលជួបជុំគ្នាធ្វើបុណ្យសពផងក៏មិនដឹង។ ថ្វីត្បិតប្រទេសកម្ពុជាយើងតូច និងមានធនធានតិចក៏ពិតមែន ក៏ប៉ុន្តែមានតែប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ ដែលឈានមុខគេក្នុងចំណោមប្រទេសអាស៊ានទាំង១០ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេបង្អស់ (ទាំងដូសមូលដ្ឋាន និងដូសជំរុញ)៕