(បាត់ដំបង)៖ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានក្រើនរំលឹកដល់មន្ត្រី និងកម្លាំងប្រដាប់អាវុធ ដែលធ្វើការងារពាក់ព័ន្ធការបង្ក្រាប់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ជាពិសេសនៅតាមស្ថានីយថ្លឹងរថយន្ត មិនត្រូវឃុបឃិតនឹងអ្នកដឹកជញ្ជូនលើសទម្ងន់កំណត់នោះឡើយ។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវដកចេញពីតួនាទី ក៏ដូចជាដាក់នូវពិន័យផ្សេងទៀតផងដែរ។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកជញ្ជូនមន្ត្រីជញ្ជីងចល័តឆ្មក់ចុះទៅស្វែងរករថយន្តដឹកជញ្ជូនលើសទម្ងន់តាមផ្លូវមួយចំនួននៅក្នុងខេត្តបាត់ដំបង។ ក្នុងឱកាសនោះ បានរកឃើញរថយន្តដឹកស្វាយ រថយន្តដឹកទំនិញមកពីថៃ និងរថយន្តដឹកថ្មជាច្រើនគ្រឿង បានដឹកលើសទម្ងន់កំណត់។ ក្នុងនោះ បានរកឃើញរថយន្តចំនួន៣គ្រឿង (រថយន្តដឹកស្វាយមួយគ្រឿង និងរថយន្តថៃដឹកវត្ថុធាតុដើមសម្រាប់លាយស៊ីម៉ង់តិ៍ចំនួន២គ្រឿង) ដឹកលើសទម្ងន់កំណត់ជាង ២០ភាគរយ ត្រូវបានចាប់យកទៅរក្សាទុកមួយឆ្នាំទៅតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

លោក ឯក រដ្ឋ បានគូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយមានព្រំដែនជាប់ប្រទេសថៃ បម្រើដល់ការដោះដូរទំនិញរវាងកម្ពុជា និងថៃ។ បន្ថែមពីលើនោះ ខេត្តពាយព្យមួយនេះ មានរោងម៉ាស៊ីនកិនអង្ករ រោងចក្រផលិតស៊ីម៉ង់តិ៍ និងសកម្មភាពដឹកជញ្ជូនថ្ម និងខ្សាច់ជាដើម។ សកម្មភាពអាជីវកម្មទាំងនេះ ធ្វើឱ្យការដឹកជញ្ជូនលើដងផ្លូវមានភាពមមាញឹក ហើយក៏មានបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់ច្រើនគួរឱ្យកត់សម្គាល់ផងដែរ។

លោកអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការដឹកជញ្ជូនដែលធ្លាប់បង្ក្រាបបាននៅក្នុងខេត្តបាត់ដំបងនាពេលកន្លងទៅ មានរថយន្តខ្លះដឹកទម្ងន់រហូតដល់ទៅ ១០០តោន។ តែស្ថានភាពនេះ បានថមថយបន្តិចហើយ ក្រោយពេលក្រសួងរៀបចំដាក់ស្ថានីយថ្លឺងរថយន្តនៅលើផ្លូវជាតិលេខ៥ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ បើទោះបីជាយ៉ាងណា បច្ចុប្បន្ននៅក្នុងទឹកដីខេត្តបាត់ដំបងនេះ មានរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពីជាង ២០ភាគរយចំនួន ១៩គ្រឿង ត្រូវបានឃាត់ទុករយៈពេលមួយឆ្នាំតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

ពាក់ព័ន្ធការបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់នេះ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ខ្ពស់ ដោយសហការយ៉ាងម៉ឺងម៉ាត់ជាមួយក្រសួងសាធារណការ ដើម្បីបង្ក្រាបរាល់រថយន្តដឹកលើសទម្ងន់កំណត់ដោយច្បាប់។

លោកអភិបាលរងខេត្ត ក៏បានអះអាងថា លោក សុខ លូ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងមាត់បំផុត ដល់មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធ ជាពិសេសមន្ត្រីនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត គឺត្រូវអនុវត្តន៍ច្បាប់ដោយតម្លាភាព និងស្មើភាពបំផុត។ ជាពិសេសត្រូវចៀសវាងការឃុបឃិតជាមួយអ្នកដឹកជញ្ជូនលើសទម្ងន់កំណត់ បើមិនដូច្នោះទេពួកគេនឹងត្រូវដកចេញពីតួនាទី និងឈានដល់ចាត់វិធានការវិន័យផ្សេងៗផងដែរ។

«ដាច់ខាតមិនត្រូវលូកដៃ ឬអន្តរាគមន៍ណាមួយ ឱ្យក្រុមហ៊ុនដែលដឹកលើសទម្ងន់កំណត់នេះ។ បើមានករណីឃុបឃិតណាមួយនោះ យើងខ្ញុំនឹងដកមន្ត្រីចេញពីស្ថានីយថ្លឹងរថយន្តនេះភ្លាម។ ឯកឧត្តមអភិបាលខេត្តមានគោលការណ៍ម៉ឺងម៉ាត់លើចំណុចនេះ»។ នេះជាការបញ្ជាក់របស់លោក សឿម ប៊ុនរិទ្ធិ។

ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយនាំឱ្យផ្លូវថ្នល់ឆាប់ខូចខាត និងប្រើប្រាស់មិនបានតាមរយៈពេលនៃបច្ចេកទេសផ្លូវ។ រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ។

លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តូរផ្តាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ។ ជាពិសេសប្រឆាំងដាច់ខាតចំពោះការអន្តរាគមន៍ទាំងឡាយ ក្នុងការដោះលែងរថយន្តដែលត្រូវបានចាប់មករក្សាទុក។

លោក ឯក រដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះ «ក្រុមការងារ ថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកឧត្តម ស៊ុន ចាន់ថុល គឺលោក បានសន្យាហើយថា យើងចាប់រថយន្តដែលដឹកលើសទម្ងន់លើសពី២០ភាគរយនេះ គឺយើងពិន័យជាប្រាក់ហើយ ហើយយើងរក្សារថយន្តទុកមួយឆ្នាំ។ ហើយអត់មានអន្តរាគមន៍ដោះលែងទេ មិនលើកលែងតែម្តង»

សូមបញ្ជាក់ថា តាមមាត្រា ៦០នៃច្បាប់ស្តីពីផ្លូវថ្នល់បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ នឹងរងការផាកពិន័យជាប្រាក់ និងចាប់រថយន្តរក្សាទុក ក្នុងករណីពួកគេធ្វើសកម្មភាពដឹកជញ្ជូនដូចខាងក្រោម៖
១៖ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀល។
២៖ ផ្ទុកទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។
៣៖ ផ្ទុកទម្ងន់លើសពី៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។
៤៖ ផ្ទុកទម្ងន់លើសពី ១០ភាគរយ ទៅ ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកមួយខែ និងពិន័យអន្តរការណ៍ជាប្រាក់ ២០ម៉ឺនរៀល ក្នុងទម្ងន់ ១តោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។
៥៖ ផ្ទុកទម្ងន់លើសពី ២០ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុករយៈពេលមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុករយៈពេលពីរឆ្នាំ។

ក្នុងមាត្រានេះ ក៏បានកំណត់ដែរថា ក្នុងករណីមានអំពើល្មើសការផ្ទុកទម្ងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទម្ងន់អតិបរិមានៃភ្លៅនោះ ត្រូវផាកពិន័យទាំងពីរករណី។

ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយឆ្នាំ។ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង៕