(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងតាមបណ្ដាអាជីវករលក់ដូរ ម្ចាស់សហគ្រាស រោងចក្រ និងកន្លែងផ្តល់សេវាកម្មនានា សូមចូលរួមសហការសម្របសម្រួលដល់មន្ត្រីចុះសម្ភាសន៍ ដើម្ប ីប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការជំរឿនសេដ្ឋកិច្ចជាតិ ឆ្នាំ២០២២។

ការអំពាវនាវបែបនេះ របស់លោក ឯក ឃុនដឿន បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយនៅសាលាខណ្ឌ និងក្រោយពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ បានអធិបតីភាពបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ សម្រាប់គោលដៅមន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍ ដោយមានការចូលរួមពីតំណាងការិយាល័យសិ្ថតិ នៃក្រសួងផែនការ និងតំណាងមន្ទីរផែនការ រាជធានីភ្នំពេញ មន្ត្រីបម្រុង សិក្ខាកាម និងតាមបណ្ដាសង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ចំនួន៤៤រូប ស្ថិតនៅសាលាខណ្ឌ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស៊ូ សោគន្ធ ក្នុងនាមតំណាងឱ្យលោក ឯក ឃុនដឿន នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ គឺធ្វើឡើងសម្រាប់គោលដៅមន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍នេះ ក្នុងគោលបំណងចុះប្រតិបត្តិការប្រមូលទិន្នន័យនៅមូលដ្ឋានអង្គភាពអាជីវកម្ម សហគ្រាសធ្វើ សកម្មភាព ផលិតកម្ម និងសេវា ស្ថិតក្នុងអាជីវកម្មរ៉ែ កម្មន្តសាល អគ្គិសនី និងឧស្ម័នផលិតទឹកស្អាតអនាម័យ និងអាជីវកម្មដទៃទៀត ដែលត្រូវបានកំណត់តាមចំណាត់ថ្នាក់ស្តង់ដាអន្តរជាតិ នៃវិស័យសេដ្ឋកិច្ច ដែលមានលក្ខណៈ ស្រដៀងនឹងការធ្វើជំរឿនប្រជាជនផងដែរ ដោយមន្ត្រីនឹងសម្ភាសគ្រប់អង្គភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋ ដែលមានមុខរបរជាក់លាក់ ដូចជាការលក់ដូរ ទាំងតូចនិងធំ មានទីតាំងច្បាស់លាស់ និងមានការចុះបញ្ជីរួចរាល់៕