(ក្រចេះ)៖ កម្លាំងអាវុធហត្ថជំនាញខេត្តក្រចេះ សហកាជាមួយអាវុធហត្ថស្រុកស្នួល ក្រោមការដឹកនាំរបស់លោក អ៊ុល ឆាយ បានដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបានទប់ស្កាត់បទល្មើសព្រៃឈើ រហូតតាមចាប់រថយន្ដដឹកឈើក្រញូងមួយគ្រឿង ពេញប្រៀប នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ បន្តែអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល តាមចាប់មិនទាន់នោះទេ។

លោក អ៊ុល ឆាយ មេបញ្ជាការអាវុធហត្ថស្រុកស្នួល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការចុះបង្រ្កាបរថយន្ដដឹកឈើក្រញូងនេះ បានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លើការដាក់ប៉ុស្តិ៍ត្រួតពិនិត្យគោលដៅតាមដងផ្លូវ រហូតមានការបង្ក្រាបជាក់ស្តែងតែម្តង។ បច្ចុប្បន្នឈើក្រញូង និងរថយន្ដត្រូវមេបញ្ជាការអាវុធហត្ថស្រុក បញ្ជូនឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល ដើម្បីធ្វើការវាស់វែង និងចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕