(សៀមរាប)៖ ដោយមានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅខេត្តសៀមរាប បានរៀបចំ ការប្រកួតបាល់ទាត់វ័យចំណាស់ ដើម្បីរឹតចំណងមិត្តភាព ទន្លេមេគង្គ (Football Match Friendship of Mekong River Senior FC) រវាងភាគីថៃ និងខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី០១ ឧសភា ឆ្នាំ២០១៦ ប្រកបដោយមិត្តភាព សាមគ្គីភាព។
សម្រាប់ការប្រកួតនៅវគ្គផ្ដាច់ព្រាត់ ដើម្បីទទួលបានពានមិត្តភាពនេះ ត្រូវបានបញ្ឈប់នៅប្រមាណជាង ១០នាទីចុងក្រោយ ដោយមិនមាន អ្នកឈ្នះ អ្នកចាញ់ គឺសន្មតឲ្យឈ្នះស្មើគ្នា បន្ទាប់ពីក្រុមទាំងពីរមានការមិនឯកភាពគ្នាក្នុងការប្រកួត ហើយខាងភាគីថៃ ខ្លះហាក់មិនស្ដាប់ខាងអាជ្ញាកណ្ដាល និងមានកីឡាករថៃម្នាក់ ប្រើពាក្យសម្ដី មិនគោរពអាជ្ញាកណ្ដាលនោះទេ។
លោក ញឹម សីលា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ Fresh News ថា «ដោយមានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅខេត្តសៀមរាប យើងបានរៀបចំការប្រកួតបាល់ទាត់ វ័យចំណាស់ ដើម្បីរឹតចំណងមិត្តភាព ទន្លេមេគង្គ រវាងខាងក្រុមភាគីថៃ និងភាគីកម្ពុជា នៅខេត្តសៀមរាប ដោយមានការចូលរួមពី មន្ត្រីរាជការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន និងវិស័យឯកជន។ ការប្រកួតក្នុងទីលានបាល់ទាត់ និងសកម្មភាពនៅខាងក្រៅទីប្រកួត គឺយើងរក្សាបាននូវមិត្តភាព និងសាមគ្គីភាពខ្ពស់ ក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះ»។
លោកបញ្ជាក់ថា នៅក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព តាមរយៈកីឡានេះ យើងក៏មានសកម្មភាព និងកម្មវិធីផ្សេងៗបន្ថែមទៀត ដូចជា ការទទួលទាន់អាហារសាមគ្គី ការច្រៀងរាំកំសាន្ដ ផងដែរ។ លោកបន្ថែមថា តែនៅក្នុងការប្រកួតមិត្តភាពដើម្បីទទួលពាននាព្រឹក ថ្ងៃទី០១ ឧសភា ឆ្នាំ២០១៦នេះដែរ ខាងភាគីថៃខ្លះ បានដើរចេញពីទីលានប្រកួតម្ដងហើយ នៅពេលខាងអាជ្ញាកណ្ដាលបានពិន័យនូវ កំហុសគ្រាប់បាល់ខាងភាគីថៃ ពេលនោះលោកក៏បានសម្របសម្រួលឲ្យបន្តការប្រកួតទៀត ព្រោះការប្រកួតជាមិត្តភាព។ ចំពោះគ្រាប់ បាល់ពិន័យនោះ ខាងភាគីកម្ពុជា ក៏បានទាត់ចោល គឺមិនទាត់សំដៅទៅរកគោលដៅនោះឡើយ។ តែបន្ទាប់ពីការប្រកួតអស់រយៈពេល ៤៥នាទីដំបូង មិនមានការចាញ់ឈ្នះ រហូតបន្ដដល់ជុំទីពីរ នៅប្រមាណតែ១០នាទីទៀត ចប់ការប្រកួតកីឡាករទាំងពីរក្រុមហាក់បន្ត ការខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញ រហូតដល់មានការរត់ដណ្ដើមយកគ្រាប់បាល់ ហើយក៏ប៉ះពាល់គ្នាខ្លះៗ និងមិនសូវសប្បាយចិត្ត ខ្លះៗ ផងដែរ។
លោកបន្ដឲ្យដឹងទៀតថា ចំពោះការប្រកួតបែបនេះ គឺភាគីយើងទាំងពីរ បានរៀបចំការប្រកួតចំនួន៣ដងមកហើយដែរ។ តែពេលនេះ ដោយការចង់ឈ្នះ មិនចង់ចាញ់ផង និងការប៉ះទង្គិចគ្នាខ្លះៗនោះ ថែមទាំងមានកីឡាករខាងភាគីថៃ ពាក់អាវលេខ១០ ហាក់មានការ ស្ដីបន្ទោស និងប្រើពាក្យសម្ដីមិនសមគួរទៅលើអាជ្ញាកណ្ដាលផង។ ក្នុងបំណងដើម្បីរក្សានូវមិត្តភាព សាមគ្គីភាព និងក្រែងមាន ការឈ្លោះប្រកែកគ្នាផងនោះ លោកក៏បានសុំឲ្យបញ្ឈប់ការប្រកួត តែត្រឹមនោះ ហើយភាគីទាំងពីរ (ថៃ-កម្ពុជា) បានឯកភាពសន្មត់ឲ្យ ភាគីទាំងពីរ ឈ្នះដូចគ្នា និងនៅចំពោះមុខអ្នកបានទៅទស្សនាផ្ទាល់ គឺភាគីទាំងពីរ បានបញ្ចប់ការប្រកួតដោយរក្សាបាននូវចំណង មិត្តភាព សាមគ្គីភាព និងនាំគ្នាលើកពានទាំងអស់គ្នា ផងដែរ។
លោក ញឹម សីលា ក៏បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីជៀសវាងនិងមានការយល់ច្រឡំណាមួយជាយថាហេតុ ពីសំណាក់មហាជន ការលើកឡើងតាមណ្ដាញសង្គម (Face book) ក៏ដូចជា ការនិយាយប្រាប់តៗគ្នាយ៉ាងណានោះ ដែលនាំឲ្យមានការប្រាសចាកពីការ ពិតជាក់ស្ដែង។ លោកបានបន្តអះអាងថា នៅក្នុងរយៈពេលនៃការប្រកួត៣ថ្ងៃនេះ ភាគីទាំងពីរ(កម្ពុជា-ថៃ) បានរក្សានូវវប្បធម៌ ជាមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង ពិសេសខាងវិស័យទេសចរណ៍ សេដ្ឋកិច្ច និងសង្គមកិច្ច ផងដែរ៕