(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានទទួលសម្តែងការគួរសម ជាមួយលោក ង្វៀង ថាញ់វ៉ាន់ ដែលទើបផ្លាស់មកទទួលមុខតំណែងថ្មី ជាអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលខេត្ត និងស្ថានអគ្គកុងស៊ុល។

ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំ Video Conference លោក ង្វៀង ថាញ់វ៉ាន់ បានថ្លែងនូវការសប្បាយចិត្តជាពន់ពេក ដែលកន្លងមករដ្ឋបាលខេត្តពោធិ៍សាត់ និងស្ថានអគ្គកុងស៊ុល ប្រចាំនៅខេត្តបាត់ដំបង បានមានទំនាក់ទំនងល្អ ហើយកិច្ចទំនងល្អនេះ ពិតណាស់គឺមានតួនាទីសំខាន់ ក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ លោកសង្ឃឹមថា ក្នុងអំឡុងពេល៣ឆ្នាំ សម្រាប់តួនាទីថ្មីនេះ លោកនឹងខិតខំឱ្យទំនាក់ទំនងល្អនេះ នៅបន្តជារៀងរហូត។

លោក ជាវ តាយ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន គណៈប្រតិភូអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង។

លោកក៏បានថ្លែងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក ជាមួយខេត្តពោធិ៍សាត់ ដែលក្នុងនោះមានខេត្តចំនួន០២ របស់វៀតណាម គឺខេត្តទៀងយ៉ាង ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយសមាគមន៍អតីតយុទ្ធជនខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយគណៈកម្មការរុករកអដ្ឋិធាតុយោធាខេត្ត។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានអគ្គកុងស៊ុល ដែលកន្លងមកតែងតែសម្តែងការគួរសម នៅពេលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំអគ្គកុងស៊ុល ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

ម្យ៉ាងវិញទៀត អគ្គកុងស៊ុលប្រចាំខេត្តបាត់ដំបង តែងតែមកជូនពរថ្នាក់ដឹកនាំ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យឯករាជ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំផងដែរ។ ជាមួយគ្នានោះ ស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង តែងតែអញ្ញើញថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទៅចូលរួមក្នុងពិធីបុណ្យប្រពៃណីយជាតិ និងខួបឯករាជ្យជាតិ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តបាត់ដំបង ជារៀងរាល់ឆ្នាំផងដែរ៕